ប្រណាំងកង់ថ្នាក់ជាតិ២០២៣ក៏ផ្ដោតលើការរក្សាអនាម័យបរិស្ថាន
សហព័ន្ធកីឡាទោចក្រយានកម្ពុជា (CCF) បានកោតសរសើរដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ចំពោះការងារដ៏ល្អរបស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រណាំងកង់ថ្នាក់ជាតិឆ្នាំ២០២៣។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយាន្ដកម្ពុជាបានមានប្រសាសន៍ថា ការប្រកួតឆ្នាំនេះទទួលបានជោគជ័យ ហើយក៏អរគុណចំពោះគ្រូបង្វឹក និងកីឡាករ មន្ត្រីបច្ចេកទេស ជាពិសេសរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបានជួយគាំទ្រឥតឈប់ឈរ ក្នុងការសម្រួលដល់ការប្រកួត។
លោកអគ្គលេខាធិការបន្តថា កីឡាករទាំងអស់បានប្រកួតដោយ Fair Play គោរពបទបញ្ជា និងវិន័យត្រឹមត្រូវ។ មិនតែប៉ុណ្ណោះ កីឡាករក៏បានចូលរួមរក្សាបរិស្ថាន ដោយចោលសំរាមត្រឹមត្រូវ ព្រោះគណៈកម្មការចង់ឱ្យមានការប្រកួតមួយដែលស្អាត។ ជាក់ស្ដែង នៅទីតាំងប្រកួតក៏មានកន្លែងហូបទឹក និងបោះចោលសំរាមទៀតផង។
សម្រាប់ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២៣ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានអនុវត្តរូបមន្ត ៨០ ភាគរយនេះ តែទៅលើការប្រកួតកង់ភ្នំទេ ដែលមានការប្រកួតវិញ្ញាសា MTB-XCO ប្រភេទ Man Elite ចំនួន ៦ ជុំ, Man Junior ប្រកួត ៥ ជុំ, Man Master ប្រកួត ៤ ជុំ និងវិញ្ញាសា MTB-XCO ប្រភេទនារីប្រកួត ៤ ជុំទេ ហើយក៏បានកាត់កីឡាករមួយចំនួនធំចេញពីការប្រកួតតាមរូបមន្តថ្មីនេះផងដែរ តែសហព័ន្ធ នៅមិនទាន់ដាក់ពិន័យ និងផាកពិន័យនៅឡើយទេ។
ចំណែកការប្រកួតកង់គួកទាំងលើវិញ្ញាសាបុរសថ្នាល (Men Junior Road Bike) កង់គួកបុរសឈុតធំ (Men Elite Road Bike) និងវិញ្ញាសាកង់គួកបុរស (Men Master Road Bike) គឺសហព័ន្ធនៅមិនទាន់បានអនុវត្តរូបមន្ត ៨០ ភាគរយនៅឡើយទេ ព្រោះការប្រកួតកង់គួកជើងឯកថ្នាក់ជាតិលើកនេះ ជាការប្រកួតលើផ្ទៃរាប ដោយមិនបានកំណត់ការប្រកួតទៅតាមជុំនោះទេ៕