ក្លឹបបិសាចក្រហម Manchester United បានចេញសេចក្តីថ្លែងការណ៍កាលពីយប់មិញដោយបានបញ្ជាក់ថា Marcus Rashford បាន “ទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន” បន្ទាប់ពីគាត់បានខកខានចូលរួមប្រកួតក្នុងពានរង្វាន់ FA Cup ទល់នឹងក្រុម Newport កាលពីម្សិលម្ងៃ។ កីឡាករវ័យ 26 ឆ្នាំរូបនេះត្រូវបានគេថតរូបនៅទីក្រុង Belfast កាលពីប៉ុន្មានថ្ងៃមុន។ តែទោះបីជាយ៉ាងណា Rashford នឹងមានវត្តមានក្នុងការធ្វើដំណើរដើម្បីទៅប្រកួតជាមួយ Wolves នៅយប់ថ្ងៃព្រហស្បតិ៍នេះ។
បន្ទាប់ពីបញ្ចប់ការប្រកួតទល់នឹងក្រុម Newport លោកគ្រូ Ten Hag បានបញ្ជាក់ថា Rashford គឺកំពុងមានជំងឺដែលធ្វើឲ្យគាត់អវត្តមាននៅក្នុងជំនួបនោះតែត្រូវបានគេថតបានដោយឃើញគាត់ទៅដើរលេងជាមួយមិត្តភក្តិចូលក្នុងក្លឹបមួយនៅទីក្រុង Belfast ទៅវិញ។
មួយរយ:ចុងក្រោយនេះលោកគ្រូ Ten Hag មានបញ្ហាជាច្រើនត្រូវដោះស្រាយរួមទាំងបញ្ហាទំនួលខុសត្រូវរបស់កីឡាករផងដែរ។ ដោយ Ten Hag បាននិយាយថាវាមិនមាន “វប្បធម៌ល្អ” សោះនៅពេលដែលគាត់បានចូលដឹកនាំបក្សបិសាចក្នុងឆ្នាំ 2022 ដោយសារតែគាត់បានជួបប្រទះបញ្ហាវិន័យរបស់កីឡាករជាច្រើន។ តួយ៉ាង Jadon Sancho បានត្រលប់មក Borussia Dortmund ក្នុងលក្ខខ័ណ្ឌខ្ចីជើងកាលពីដើមខែនេះបន្ទាប់ពីមានបញ្ហាជាមួយគាត់។
Rashford ត្រូវបានដាក់ពិន័យសម្រាប់បញ្ហាវិន័យវាជាលើកទីពីរក្នុងរយៈពេលជាងមួយឆ្នាំដែល Ten Hag បានទម្លាក់គាត់មិនឲ្យចូលលេងតែទោះជាយ៉ាងណា Rashford នឹងត្រលប់មកវិញដើម្បីធ្វើដំណើរទៅកាន់ប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Wolverhampton នៅយប់ថ្ងៃព្រហស្បតិ៍នេះ។