Manchester United បដិសេធសំណើរបស់ Juventus ដែលចង់បានកីឡាករបារាំង Anthony Martial
(BC99)
Manchester United បានធ្វើការបដិសេធសំណើរបស់ក្លិប Juventus ដែលចង់បាន Anthony Martial ខណៈដែលមានសារព័ត៌មានជាច្រើនក៏បានចុះផ្សាយថាខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះហាក់ដូចជាមិនពេញចិត្តនៅជាមួយក្លិប បិសាចក្រហម ជាបន្តនឹងចង់ចាកចេញពីក្លឹបនៅរដូវក្ដៅនេះ។
តែបើយោងទៅតាមការចេញមកបញ្ជាក់ដោយលោក Erik ten Hag ដែលជាអ្នកដឹកនាំថ្មីនៃក្រុម Manchester United កាលពីពេលថ្មីៗនេះបានឱ្យដឹងដែរថាលោកនឹងរក្សាកីឡាករខ្សែប្រយុទ្ធបារាំងរូបនេះសម្រាប់យុទ្ធនាការរដូវកាលថ្មី 2022-23។
The Mirror សារព័ត៌មានផ្លូវការណ៍របស់ចក្រភពអង់គ្លេសបានឱ្យដឹងថា Juventus បានសម្លឹងឃើញ Martial ជាគោលដៅផ្ទេររបស់ខ្លួននៅរដូវក្តៅនេះដោយមិនចាប់អារម្មណ៍ថាលោក Ten Hag ព្រមឬមិនព្រមលក់នោះឡើយដោយពួកគេនៅតែដាក់សំណើរមកកាន់ក្លិបដែលមានមូលដ្ឋាននៅ Old Trafford ដដែល។
ស្ថិតនៅលើជំហរដ៏រឹងមាំរបស់ខ្លួន United បានច្រានចោលការនូវសំណើររបស់ Juventus ទាំងស្រុងដោយពួកគេគោរពទៅតាមការសម្រេចចិត្តរបស់លោក Ten Hag ដែលជឿជាក់ថានៅពេលដែល Anthony Martial ទទួលបានការលើកទឹកចិត្ត គេអាចបង្ហាញទម្រង់លេងដ៏អស្ចារ្យក្នុងនាមជាខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់។