កីឡាការិនីហែលទឹក ឃឿន ប៊ុនពេជ្រមរកត តាំងចិត្តហ្វឹកហាត់ខ្លាំងដើម្បីបំបែកកំណត់ត្រាចាស់
កីឡាការិនីហែលទឹកកម្ពុជា ឃឿន ប៊ុនពេជ្រមរកត បានប្ដេជ្ញាចិត្តយ៉ាងខ្ពស់ក្នុងការចូលរួមព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២០ នាក្រុងតូក្យូ ដោយតាំងចិត្តហ្វឹកហាត់ដើម្បីបំបែកកំណត់ត្រាផ្ទាល់ខ្លួនឲ្យបានក្នុងវិញ្ញាសាហែលសេរី៥០ម៉ែត្រ។
ប៊ុនពេជ្រមរកត អះអាងសប្បាយចិត្តដែលអាចមានវត្តមានក្នុងព្រឹត្តិការណ៍កីឡាដ៏ធំនេះ ហើយមិននឹកស្មានថាអាចមានឱកាសចូលរួម។ ហេតុនេះហើយនាងប្ដេជ្ញាចិត្តហ្វឹកហាត់ទៅតាមអ្វីដែលគ្រូបង្វឹកបានបង្ហាត់បានដាក់ឲ្យ។
កីឡាការិនីវ័យក្មេងខាងលើបង្ហាញពីការតាំងចិត្តបែបនេះ “៖ខ្ញុំពិតជាមានសេចក្ដីរំភើប មិននឹកស្មានដល់ ហើយខ្ញុំសប្បាយចិត្ត ដែលសហព័ន្ធបានជ្រើសរើសខ្ញុំ។ ទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ ក៏ខ្ញុំនឹងខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យអស់ពីសមត្ថភាពដើម្បីអាចបំបែកកំណត់ត្រាផ្ទាល់ខ្លួនបាន។”
កំណត់ត្រាផ្ទាល់ខ្លួនរបស់ឃឿន ប៊ុនពេជ្រមរកត លើវិញ្ញាសា៥០ម៉ែត្រនេះ គឺ ២៩.៩៩វិនាទីដែលនាងធ្វើបានកាលចូលរួមស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។
តាមពិតទៅ បេក្ខភាពកីឡាការិនីហែលទឹកកម្ពុជា ដែលត្រូវចូលរួមប្រកួតកីឡាអូឡាំពិក ២០២០ គឺកីឡាការិនីកូនកាត់ខ្មែរ-អាមេរិក ម៉ីលី តានមីននិក។ ប៉ុន្ដែដោយមានការស្នើពីសហព័ន្ធកីឡាហែលទឹកអន្ដរជាតិ(FINA) ឲ្យស្របតាមលក្ខខណ្ឌចូលរួម សហព័ន្ធខ្មែរកីឡាហែលទឹក ក៏បានសម្រេចធ្វើការផ្លាស់ប្ដូរ ដោយជ្រើសរើសកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ចូលរួមជំនួសកញ្ញា ម៉ីលី វិញ។
ឃឿន ប៊ុនពេជ្រមរកត និងកីឡាករ ហែម ប៉ុច នឹងចាប់ផ្ដើមការប្រកួតហែលទឹកវិញ្ញាសា៥០ម៉ែត្រ នៅថ្ងៃសុក្រ ទី៣០ ខែកក្កដា៕