យុវត្តីវ័យ១៧ឆ្នាំ និងជាអ្នកចម្រៀងផង ដៃបាសផងឈ្នះបានមេដាយមាស១ឲ្យអាមេរិក
នាង Lydia Jacoby បានបង្ហាញទេពកោសល្យយ៉ាងពិសេសក្នុងការប្រកួតហែលទឹក១០០ម៉ែត្រកង្កែប ដោយបាននាំយកមេដាយមាសជូនសហរដ្ឋអាមេរិកពីព្រឹត្តិការណ៍អូឡាំពិក ២០២០។
យុវត្តីវ័យ១៧ឆ្នាំរូបនេះបានចំណាយពេល៦៤វិនាទីចុច៩៥ដើម្បីចូលដល់ទីមុនគេ។ នាងក៏ជាកីឡាការិនីហែលទឹកអាមេរិកដែលឈ្នះមេដាយមាសមុនគេក្នុងអូឡាំពិក២០២០នេះ។
Jacoby ពិតជាភ្ញាក់ផ្អើលចំពោះសមិទ្ធផលរបស់នាង។ សូម្បីតែអ្នកគាំទ្រអាមេរិកក៏ភ្ញាក់ផ្អើលដែរ។
ក្នុងរយៈពេល៣ឆ្នាំ គុណផលរបស់ Jacoby ក្នុងវិញ្ញាសាហែលកង្កែប១០០ម៉ែត្រពិតជាមានការរីកចម្រើនខ្លាំង។ ជាក់ស្ដែង ក្នុងឆ្នាំ២០១៨ ពេលប្រកួតយុវជនអាមេរិក នាងប្រើពេល៧១វិនាទីចុច៥។ នៅខែមិថុនា ក្នុងវគ្គជម្រុះទៅអូឡាំពិក ២០២០ នាងធ្វើបាន៦៥វិនាទីចុច២៨។ ដល់ពេលប្រកួតក្នុងព្រឹត្តិការណ៍ធំ នាងប្រើពេល៦៤វិនាទីចុច៩៥។
គុណផលរបស់ Jacoby មុនផ្ទុះកូវីដ១៩ គឺ ៦៨វិនាទីចុច១២។ កាលឆ្នាំមុននាងហាត់នៅក្លិបទឹកមួយក្បែរផ្ទះ។ បន្ទាប់ពីបានសិទ្ធិចូលរួមអូឡាំពិក ២០២០ នាងបានសម្រេចចិត្តមិនចូលរួមការប្រកួតយុវជនមួយទេ។
ក្រៅពីជំនាញហែលទឹក Jacoby ក៏ជាអ្នកចម្រៀង និងដៃបាសមួយរូបទៀតផង ដោយមានក្រុមសម្ដែងតាមកម្មវិធីជាច្រើន៕