
៩ប្រទេសហើយចុះឈ្មោះប្រកួតកង់ស៊ីហ្គេមនៅកម្ពុជា
មានប្រទេសចំនួន៩ បានចុះឈ្មោះចូលរួមប្រកួតលើប្រភេទកីឡាកង់ ទាំងវិញ្ញាសាកង់គួក និងកង់ភ្នំ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា គិតមកដល់ត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ ។
លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន គូសបញ្ជាក់ថា ពេលនេះមាន៩ប្រទេសហើយ ដែលបានចុះឈ្មោះចូលរួមប្រកួតលើប្រភេទកីឡាកង់ ទាំងវិញ្ញាសាកង់គួក និងកង់ភ្នំ សម្រាប់ស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣។ អគ្គលេខាធិការរូបនេះបញ្ជាក់ថា ៖«ការបិទបញ្ជីនៃការចុះឈ្មោះតាមប្រព័ន្ធអនឡាញ នឹងត្រូវបញ្ចប់នាពេលខាងមុខឆាប់ៗនេះ ដោយបច្ចុប្បន្នមាន៩ប្រទេសចូលរួម រួមទាំងម្ចាស់ផ្ទះកម្ពុជា ហើយបណ្តាប្រទេសទាំងនោះបានចុះឈ្មោះចូលរួមប្រកួតស្ទើរគ្រប់វិញ្ញាសាទាំងអស់ ទាំងវិញ្ញាសាកង់គួក និងកង់ភ្នំ។ ចំពោះ២ប្រទេស ដែលមិនបានចុះឈ្មោះលើប្រភេទកីឡាកង់ គឺប្រទេសមីយ៉ាន់ម៉ា និងប្រ៊ុយណេ»។
លោក នូ ចំរើន បានលើកឡើងបន្ថែមទៀតថា ៖«បណ្តាប្រទេសដែលខ្លាំងៗ ដូចជាឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ សិង្ហបុរី និងវៀតណាម ជាដើម ដែលធ្លាប់ជាម្ចាស់ជយលាភីមេដាយស៊ីហ្គេម កន្លងមក។ ចំណែកកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ក៏កំពុងបោះជំរំហ្វឹកហាត់យ៉ាងខ្លាំងក្លាផងដែរ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីត្រៀមខ្លួនឱ្យបានល្អប្រសើរ ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកដំបូងនេះ»។
បន្ថែមទៅលើការបោះជំរំហ្វឹកហាត់ នៅខេត្តសៀមរាប ដែលជាទីលាន ត្រូវរៀបចំការប្រកួតស៊ីហ្គេម លើប្រភេទកីឡាកង់នេះ គឺក្រុមជម្រើសជាតិកម្ពុជា ក៏ត្រូវបានជំរុញឱ្យចូលរួមប្រកួតប្រជែងអន្តរជាតិ នៅក្រៅប្រទេសជាច្រើនលើកផងដែរ ក្រោមការលើកទឹកចិត្តពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ដើម្បីបង្កើនគុណភាពបច្ចេកទេសឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
គួរបញ្ជាក់ថា កម្ពុជាបានសម្រេចដាក់៩វិញ្ញាសាសម្រាប់ស៊ីហ្គេម ២០២៣ ដោយក្នុងនោះប្រភេទកង់ភ្នំ មាន៥ និងកង់គួក មាន៤វិញ្ញាសា។ សម្រាប់កង់ភ្នំ ទាំង៥វិញ្ញាសា មាន ទី១វិញ្ញាសា Mountain bike cross country Olympic បុរស ទី២ Mountain bike cross country Olympic នារី ទី៣ Mountain bike cross country Relay បណ្តាក់បុរស-នារី ទី៤ Mountain bike Eliminate បុរស និងទី៥វិញ្ញាសា Mountain bike Eliminate នារី ចំណែកវិញ្ញាសាទាំង៤ ផ្នែកកង់គួក គឺទី១ វិញ្ញាសា Road Criterium បុរស ទី២ Road Criterium នារី ទី៣ Road Individual Mass Start បុរស និងទី៤ វិញ្ញាសា Road Individual Mass Start នារី ហើយប្រភេទកីឡាកង់ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២នេះ នឹងត្រូវចំការប្រកួត នៅខេត្តសៀមរាបតែម្តង៕