ថៃប្រុងហៅកីឡាការិនីដើមកំណើតហ្មុងទើបឈ្នះមេដាយមាសអូឡាំពិកចូលជម្រើសជាតិត្រៀមស៊ីហ្គេម
សហព័ន្ធកីឡាកាយសម្ព័ន្ធថៃបានបង្ហាញពីបំណងកោះហៅកីឡាការិនី Sunisa Lee ជម្រើសជាតិអាមេរិកដើមកំណើតហ្មុងទៅចូលរួមការប្រកួតស៊ីហ្គេម២០២៥។
លោក Sarayuth Pattanasak ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធថៃ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា លោកបានតាមដានសមត្ថភាពរបស់កីឡាការិនីជនជាតិហ្មុងខាងលើយូរមកហើយ និងបានសរសើរពីទេពកោសល្យរបស់នាង ក្រោយធ្វើបានយ៉ាងល្អក្នុងព្រឹត្តិការណ៍អូឡាំពិក ២០២០ នាក្រុងតូក្យូ។
Sunisa បានឈ្នះមេដាយមាសមាសមួយ, ប្រាក់មួយ និងសំរឹទ្ធិមួយ ពីការប្រកួតឯកត្តជន និងជាក្រុមសម្រាប់សហរដ្ឋអាមេរិក។ ភាគីថៃក៏ធ្លាប់ទាក់ទងកីឡាការិនីវ័យ១៨ឆ្នាំប្រកួតស៊ីហ្គេម ២០២១ នៅវៀតណាមដែរ តែអ្វីៗមិនច្បាស់លាស់។
តាមពិតទៅ គ្រួសារនាង Sunisa ធ្លាប់រស់នៅប្រទេសថៃដែរ ដូច្នេះនាងអាចប្រកួតតំណាងជម្រើសជាតិថៃបាន។ យ៉ាងណាបច្ចុប្បន្ន នាងជាអត្តពលិកអាមេរិកទៅហើយ ហើយសមត្ថភាពក៏ល្អថែមទៀត។ គេគិតថា អាចពិបាកសម្រាប់នាងដើម្បីតំណាងប្រទេសថៃ។ ប៉ុន្តែអ្វីដែលគួរកត់សម្គាល់នោះ គឺថៃនឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៥ ដូច្នេះ លោក Sarayuth Pattanasak ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធថៃ រំពឹងថា អ្វិៗនឹងអាចប្រែប្រួល។
គួរដឹងដែរថា Sunisa Lee មានឈ្មោះដើមថា Sunisa Phabsomphou កើតនៅអាមេរិក និងមានម្ដាយជាជនជាតិឡាវដើមកំណើតហ្មុងដែលទៅរស់នៅសហរដ្ឋអាមេរិកតាំងពីតូច៕