Rafael Nadal លើកពាន French Open ជាលើកទី១៣
Rafael Nadal ធ្វើបានលទ្ធផលដ៏ល្អមួយក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រវាយកូនបាល់ French Open 2020 លើជើងខ្លាំងស៊ែប៊ី Novak Djokovic និងតាមស្មើកំណត់ត្រាផ្នែកបុរសរបស់តារាស្វីស Roger Federer ដែលឈ្នះពានរង្វាន់កម្រិត Grand Slam ចំនួន២០លើក។
កីឡាករលំដាប់ទី២ពិភពលោក Nadal បានយកឈ្នះម្ចាស់លេខមួយពិភពលោក Djokovic ៣សិតទល់នឹង០តែម្ដងក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃអាទិត្យ ទី១១ ខែតុលា ពោលលទ្ធផល ៦-០ ៦-២ ៧-៥ ដែលនេះជាតំណែងជើងឯកលើកទី១៣នៅ Roland Garros សម្រាប់គេ។
ទោះឈានដល់វ័យ៣៤ឆ្នាំ ប៉ុន្តែបុរសជនជាតិអេស្ប៉ាញ Nadal នៅតែបង្ហាញសមត្ថភាពយ៉ាងល្អឥតខ្ចោះ ជាពិសេសលើវិញ្ញាសាដីក្រហម។
ជាមួយគ្នានេះ កីឡាករលំដាប់កំពូល Djokovic អាយុ ៣៣ ឆ្នាំបានចាញ់ការប្រកួតដែលមិនអាចវាយបកមួយសិតបានសោះជាលើកដំបូងនៅឆ្នាំ ២០២០ ។
ការចាញ់នេះក៏មានន័យថា Djokovic មិនអាចប្រជែងតំណែងជើងឯក Grand Slam លើកទី១៨បានទេ៕