ខេត្តកំពង់ធំបានលេខ១ការប្រកួតកីឡាប៊ូល-ប៉េតង់ អបអរបុណ្យចូលឆ្នាំខ្មែរ
លោក ដួង ឌីណា ប្រធានក្រុមកីឡាប៊ូល-ប៉េតង់ខេត្តកំពង់ធំ បានបញ្ជាក់នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះថា ការប្រកួតកីឡាប៊ូល-ប៉េតង់ ជាលក្ខណៈមិត្តភាពអន្តរជាតិកម្ពុជានិងវៀតណាម នៅបញ្ជាការដ្ឋានអង្គរក្សសម្ដេចហ៊ុនសែនស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាល ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩កន្លងមកនោះ ខេត្តកំពង់ធំទទួលបានពាន លេខ១ជាប្រវត្តិសាស្ត្រ។
ក្នុងការប្រកួតនោះ មានការប្រកួតបាល់ទះ ព្រមទាំងមានការសម្ដែងសិល្បៈ ជាលក្ខណៈមិត្តភាព ភាពអន្តរជាតិកម្ពុជា-វៀតណាម ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះផងដែរ។
ចំពោះកីឡាករប៊ូល-ប៉េតង់មានកីឡាករកីឡាការនីចំនួន២៤ក្រុម មកពីបណ្ដារាជធានី ខេត្ត ដូចជារាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តស្វាយរៀង ខេត្តកំពង់ធំ ខេត្តត្រាវិញ ប្រទេសវៀតណាម បញ្ជាការដ្ឋានអង្គរក្ស និងយោធាភូមិភាគ៩ប្រទេសវៀតណាមផងដែរ ក្នុង នោះខេត្តកំពង់ធំទទួលពានលេខ១ជាប្រវត្តិសាស្ត្រ៕ ប្រភព៖ AKP