
ក្រុមបាល់បោះជិះរទេះពិការកម្ពុជាប្ដេជ្ញាចិត្តខ្ពស់យកមេដាយមាសនៅអាស៊ានប៉ារ៉ាហ្គេម
ក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការរបស់កម្ពុជា បានបង្ហាញភាពជឿជាក់ថា ពួកគេ នឹងអាចការពារមេដាយមាស និងមេដាយប្រាក់ ក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ចំណែកក្រុមបាល់បោះជិះរទេះបុរសរបស់កម្ពុជា ក៏បានដាក់ក្តីសង្ឃឹម ក្នុងការប្រជែងយកមេដាយជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ដែលធ្វើពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣នេះដែរ។
ការបង្ហាញក្តីសង្ឃឹមខ្ពស់ ចំពោះការការពារមេដាយមាស និងមេដាយប្រាក់ របស់ក្រុមបាល់បោះជិះរទេះនារី និងការជំរុញឱ្យក្រុមបាល់បោះជិះរទេះបុរស អាចបង្កើតនូវកំណត់ត្រាឈ្នះបានមេដាយជូនជាតិដែរនេះ គឺត្រូវបានធ្វើឡើងដោយ លោក មុយ ស៊ឺ គ្រូបង្វឹកបាល់បោះជិះរទេះក្រុមជម្រើសជាតិកម្ពុជា នៅក្នុងអំឡុងពេលហ្វឹកហាត់ នៅសាលដំរីនៃពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។
សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅឥណ្ឌូនេស៊ី លើប្រភេទកីឡាបាល់បោះជិះរទេះនេះ គឺក្រុមកីឡាការិនីបាល់បោះជនពិការកម្ពុជា ដណ្តើមបានមេដាយមាស លើវិញ្ញាសា ៣នាក់ទល់៣នាក់ និងមេដាយប្រាក់ លើវិញ្ញាសា ៥នាក់ទល់៥នាក់។ ប៉ុន្តែក្រុមបាល់បោះបុរសរបស់កម្ពុជា មិនទទួលបានមេដាយឡើយ។