ហ្វីលីពីនជាប្រទេសទី២ក្នុងតំបន់អាស៊ានដែលឈ្នះមេដាយមាសអូឡាំពិក ២០២០
កីឡាការិនីលើកទម្ងន់ Hidilyn Diaz ដណ្ដើមបានមេដាយមាសជាលើកដំបូងក្នុងប្រវត្តិសាស្ត្រហ្វីលីពីន ក្រោយទទួលជ័យជម្នះក្នុងប្រភេទក្រោមទម្ងន់៥៥គីឡូក្រាមនៅថ្ងៃចន្ទ ទី២៦ ខែកក្កដា។
កីឡាការិនីហ្វីលីពីនរូបនេះលើកសរុបបាន២២៤គីឡូក្រាមដែលជាកំណត់ត្រាអូឡាំពិកក្រោយបញ្ចប់ពូល A ក្នុងការប្រកួតក្រោមទម្ងន់៥៥គីឡូក្រាម។ នាងលើកបានច្រើនជាងកីឡាការិនីចិន Liao Qiuyun មួយគីឡូក្រាម។
នេះជាមេដាយមាសដំបូងនៅអូឡាំពិក២០២០ និងជាមេដាយមាសអូឡាំពិកលើកដំបូងសម្រាប់ហ្វីលីពីន។ កាលអូឡាំពិក ២០១៦ នៅក្រុងរីយ៉ូ ប្រទេសប្រេស៊ីល កីឡាការិនីវ័យ៣០ឆ្នាំទទួលបានមេដាយប្រាក់។
នេះក៏ជាមេដាយមាសទី២សម្រាប់អត្តពលិកមកពីតំបន់អាស៊ីអាគ្នេយ៍នៅអូឡាំពិក២០២០ បន្ទាប់ពីកីឡាការិនីថៃ Panipak Wongpattanakit ឈ្នះក្នុងការប្រកួតតេក្វាន់ដូទម្ងន់ក្រោម៤៩គីឡូក្រាម៕