ឯកឧត្តម នេត សាវឿន បន្តធ្វើប្រធានសហព័ន្ធបាល់ទះ ខណៈក្រុមឆ្នេរខ្សាច់គ្រោងយកគ្រូបរទេស
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានរៀបចំមហាសន្និបាតអាណត្តិទី៥ និងបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៦ ឆ្នាំ២០២២-២០២៦ របស់ខ្លួននៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែមករា ឆ្នាំ២០២២ សប្ដាហ៍នេះនៅសាកលវិទ្យាល័យធនធានមនុស្ស ក្នុងរាជធានីភ្នំពេញ។
ជាលទ្ធផលនៃការបោះឆ្នោតឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទទួលបានសម្លេងគាំទ្រជាប្រធានសហព័ន្ធកីឡាបាល់ទះមួយអាណត្តិទៀត ស្របពេលដែលមានបេក្ខភាពឈរបោះឆ្នោតក្នុងគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៦ នេះមានចំនួន២១រូប។
នៅក្នុងពិធីនោះដែរលោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហាញពីសកម្មភាពការងារអាណត្តិចាស់តាំងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ដែលក្នុងនោះមានការងារពាក់ព័ន្ធនឹងវគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល ចៅក្រម និងមន្រ្តី ផង ការបណ្តុះបណ្តាលកីឡាករផង ជាពិសេសគឺការបញ្ជូនក្រុមកីឡាករ ចេញទៅប្រកួតលើឆាកអន្តរជាតិនានា។
ជាមួយគ្នានោះដែរ ឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបញ្ជាក់ថាសហព័ន្ធកំពុងតែស្វែងរកគ្រូបង្វឹកបរទេសមកដឹកនាំក្រុមបាល់ទះឆ្នេរខ្សាច់ ព្រមទាំងរៀបចំរចនាសម្ព័ន្ធមួយចំនួនជំរុញឱ្យមានក្រុមបាល់ទះតាមបណ្តាខេត្តរាជធានី ចូលរួមប្រកួតក្នុងពានរង្វាន់សម្តេចក្រឡាហោម ស ខេង និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២២ នេះ។
ចំណែកឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានក្រើនរំលឹកដល់សហព័ន្ធកីឡាបាល់ទះថា សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខកម្ពុជា មានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក៏ពិតមែន ក៏ប៉ុន្ដែនៅពេលដែលទទួលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម គឺសហព័ន្ធនីមួយៗជាអ្នកទទួលរៀបចំការប្រកួត។ ដូច្នេះសហព័ន្ធត្រូវតែរៀបចំខ្លួនទាំងហ្វឹកហ្វឺនកីឡាករ រៀបចំផែនការប្រកួត និងបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស ឱ្យបានរួចរាល់មុនព្រឹត្តិការណ៍តំបន់អាស៊ាននេះមកដល់។
ក្រោយបន្តកិច្ចការងារជាប្រធានសហព័ន្ធក្នុងអាណត្តិថ្មីនេះ ឯកឧត្តម នេត សាវឿន បានតាំងចិត្តដឹកនាំសហព័ន្ធឱ្យបានកាន់តែប្រសើរថែមទៀត ព្រោះថាអាណត្តិថ្មីនេះគឺចំពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមក្នុងឆ្នាំ២០២៣ ខាងមុខ ដូច្នេះហើយសហព័ន្ធត្រូវការបណ្តុះបណ្តាលកីឡាករកីឡាការិនី បណ្តុះបណ្តាលមន្រ្តី និងរៀបចំការប្រកួតទាំងលក្ខណៈជាតិនិងអន្តរជាតិជាច្រើនទៀត។
ឯកឧត្តម នេត សាវឿន បានឯកភាពនឹងការត្រៀមជួលគ្រូបង្វឹកបរទេសមកដឹកនាំក្រុមបាល់ទះឆ្នេរខ្សាច់ និងបានពិចារណាលទ្ធភាពយកអ្នកជំនាញការបរទេសមកធ្វើជាទីប្រឹក្សារបស់សហព័ន្ធផងដែរ ដើម្បីសិក្សាពីបច្ចេកទេសថ្មីៗ ព្រមទាំងការរៀបចំការងារមួយចំនួនមុនព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ មកដល់៕