ឮថា កម្ពុជាអាចនឹងកោះហៅកីឡាករច្រើននាក់ត្រៀម AFF U23 ខែក្រោយ
ព្រឹត្តិការណ៍ AFF U23 Championship 2022 នឹងចូលមកដល់នៅពាក់កណ្ដាលខែកុម្ភៈ ខាងមុខនាពហុកីឡដ្ឋានមរកតេជោ និងកីឡដ្ឋានព្រីនស៍។
បើតាមការឲ្យដឹងពីប្រភពមួយចំនួន ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ អាចនឹងកោះហៅកីឡាករខ្ទង់៦០ទៅ៧០នាក់។ ការកោះហៅច្រើននេះក៏ដោយសារតែកម្មវិធីប្រកួតក៏ច្រើនដូចគ្នាក្នុងឆ្នាំ២០២២នេះ ពោលមានទាំង AFF U23 ផង, ស៊ីហ្គេមផង និង AFF Cup ថែមទៀត។
ក្នុងចំណោមនោះក្រុមការងារជម្រើសជាតិអាចនឹងកោះហៅដោយផ្ទាល់ ចំនួន២០ទៅ៣០នាក់។ ទន្ទឹមនឹងនេះដែរ ក្លិបនីមួយៗទាំងនៅលីគកំពូល និងលីគទី២អាចបញ្ជូនបេក្ខជនដែលគិតថា មានសក្តានុពលចំនួន២នាក់ទៅចូលហ្វឹកហាត់បានដែរ ដើម្បីបទពិសោធ។
គួរដឹងដែរថា កម្ពុជានឹងធ្វើម្ចាស់ផ្ទះ AFF U23 Championship 2022 ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ។ ក្នុងនោះកម្ពុជា ស្ថិតនៅពូល A ដែលមានហ្វីលីពីន ទីម័រខាងកើត និងប្រ៊ុយណេ៕