
ព្រឹត្តិការណ៍កីឡាជាតិលើកទី២ អាចចំណាយទឹកប្រាក់ជាង ១លានដុល្លារ
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកវ៉ាត់ ចំរើន បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះថា ចំពោះព្រឹត្តិការណ៍កីឡាជាតិលើកទី២ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ២៥ឧសភា ដល់ថ្ងៃទី ៤មិថុនានោះ នៅពហុកីឡដ្ឋានជាតិ គ្រោងនឹងចំណាយទឹកប្រាក់ជាង ១លានដុល្លារអាមេរិក។ ទឹកប្រាក់ទាំងនោះ នឹងទទួលបានពីច្រើនស្ថាប័ន ដូចជា ពីរដ្ឋាភិបាល វិស័យឯកជន និងពីសប្បុរសជននានា។
តាមលោកវ៉ាត់ ចំរើន មកដល់ពេលនេះ ក្រុមការងាររបស់លោកបានរៀបចំត្រៀមស្ទើររួចទាំងស្រុងហើយ នៅពហុកីឡដ្ឋានជាតិ។ ហើយព្រឹត្តិការណ៍កីឡាជាតិលើកទី ២ ដែលធ្វើឡើងក្រោមប្រធានបទ «កីឡាដើម្បីសន្តិភាព និងការអភិវឌ្ឃន៍»នេះ នឹងមានទស្សនីយភាពកីឡា និងការសម្តែងប្លែកៗ និងគួរឲ្យចាប់អារម្មណ៍ជាច្រើន លើសពីការរៀបចំកាលពីលើកទី១។ តាម NOCC នៅឆ្នាំ ២០១៨នេះ នឹងមានប្រភេទកីឡា ចំនួន ២៧ រួមជាមួយអត្តពលិកជាង ៤០០០ពាន់ចូលរួមសម្តែង និងប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍នេះ។ កាលពីការរៀបចំលើកទី១ កាលពីឆ្នាំ ២០១៦ មានតែ ១៣ប្រភេទកីឡាទាំងនោះ បានចូលរួម។
គួរជម្រាបជូនថា ព្រឹត្តិការណ៍កីឡាជាតិ ធ្វើឡើងជារៀងរាល់ ២ឆ្នាំម្តង ដើម្បីត្រៀមសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូង នៅឆ្នាំ ២០២៣ខាងមុខ៕
រូបភាពពីទំព័រហ្វេសប៊ុក៖ NOCC
ស្តាប់បទសម្ភាសន៍ទាំងស្រុង រវាងលោកវ៉ាត់ ចំរើន ជាមួយអ្នកយកព័ត៌មានវិទ្យុបារាំង RFI៖ http://km.rfi.fr/Cambodia/interview-with-Vat-Chamrouen-22-05-2018