អូឡាំពិក ២០២០ គ្រោងផ្អាកកីឡាប្រកួតនៅក្រៅសាលមួយចំនួនព្រោះព្យុះទីហ្វុង
បើតាមការចុះផ្សាយពីទំព័រគណៈកម្មការស៊ីហ្គេមកម្ពុជា ២០២៣ ហៅកាត់ថា Cambodia SEA Games 2023 ឲ្យដឹងថា ការប្រកួតមួយចំនួនជាលក្ខណៈក្រៅសាល និងលើទឹកនៅអូឡាំពិក ២០២០ កំពុងប្រឈមទៅនឹងការផ្អាក បន្ទាប់ពីមានការព័ត៌មានថា ព្យុះទីហ្វុង Nepartak កំពុងរំកិលទៅរកប្រទេសជប៉ុន ពិសេសទីក្រុងតូក្យូ។
រាយការណ៍ពីក្រុងតូក្យូ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជានាយបេសកកម្មក្រុមអត្តពលិកអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា “ស្អែកនេះ ពេលព្យុះទៅដល់ទីក្រុងតូក្យូ កីឡាក្រៅសាលមួយចំនួនត្រូវផ្អាកការប្រកួត មានដូចជាកីឡាទូកក្ដោង ទូកកានូ និងអាចមានកីឡាអត្តពលកម្មផងដែរ ហើយប្រសិនបើកម្រិតខ្យល់ភ្លៀងខ្លាំង នឹងផ្អាកកីឡាក្រៅសាលទាំងអស់តែម្ដង។ ចំណែកកីឡាករ-កីឡាការិនីដែលស្នាក់នៅក្នុងភូមិកីឡាអូឡាំពិកវិញ ក៏ត្រូវបានប្រកាសឲ្យប្រុងប្រយ័ត្នផងដែរ។”
ចំណែករបាយការណ៍របស់ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា ព្យុះទីហ្វុង Nepartak កំពុងចល័តពីភាគខាងជើង នៃមហាសមុទ្រប៉ាស៊ីហ្វិក ហើយអាចនឹងបក់បោកមកលើដែនកោះដ៏សំខាន់របស់ប្រទេសជប៉ុន ពិសេសទីក្រុងតូក្យូ ដែលកំពុងទទួលរៀបចំការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០។ ដូច្នេះកម្មវិធីប្រកួតកីឡាមួយចំនួន នឹងត្រូវទទួលរងផលប៉ះពាល់ដោយឥទ្ធិពលអាកាសធាតុ នៃព្យុះនេះ ដែលត្រូវបានគេប៉ាន់ស្មានល្បឿនខ្យល់ប្រហែល ៣៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយគ្រោងធ្វើដំណើរទៅដល់ទីក្រុងតូក្យូ នៅរសៀលថ្ងៃអង្គារស្អែកនេះ៕