ម្ចាស់មេដាយមាសហែលទឹកអូឡាំពិករបស់សិង្ហបុរីសម្រេចចិត្តចូលនិវត្តន៍
Joseph Schooling ជាកីឡាករហែលទឹកម្នាក់គត់របស់សិង្ហបុរីដែលឈ្នះមេដាយមាសអូឡាំពិកបានប្រកាសចូលនិវត្តន៍ហើយក្នុងវ័យត្រឹម២៨ឆ្នាំ កាលថ្ងៃអង្គារ ទី០២ ខែមេសា។
គេបានចែករំលែកនៅលើទំព័រផ្ទាល់ខ្លួនថា ចាប់ពីថ្ងៃនេះទៅគេលែងជាកីឡាករហែលទឹកទៀតហើយ និងមិនមានការសោកស្ដាយអ្វីទេចំពោះការសម្រេចនេះ តែថា វាជាបទពិសោធដ៏មានតម្លៃមួយ ក្នុងការឈានទៅបើកទំព័រថ្មីនៃជីវិត។
ក្នុងឆ្នាំ 2016 នៅអូឡាំពិក ក្រុង Rio ប្រទេសប្រេស៊ីល Schooling បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលដោយការឈ្នះ Michael Phelps ក្រសោបបានមេដាយមាសតែម្ដង។
តែយ៉ាងណា ភាពជោគជ័យនេះមិនបានឋិតឋេរទេ។ ជាក់ស្ដែង គេបានត្រឹមមេដាយសំរឹទ្ធនៅជើងឯកពិភពលោកឆ្នាំ ២០១៧ ហើយបានបរាជ័យក្នុងការការពារមេដាយមាសនៅអូឡាំពិកក្រុងតូក្យូឆ្នាំ២០២១។
ឆ្នាំ ២០២២ Schooling បានជាប់ក្នុងរឿងអាស្រូវប្រើប្រាស់សារធាតុហាមឃាត់។ នៅ ឆ្នាំ ២០២៣ គេ ត្រូវ បាន គេ ដក ចេញ ពី ក្រុម សិង្ហបុរី សម្រាប់ ព្រឹត្តិការណ៍ Asian Games នៅ Hangzhou ដោយសារតែការធ្លាក់គុណផល។
Schooling បានចូលនិវត្តន៍ជាមួយនឹងសមិទ្ធិផលជាច្រើន រួមមានមេដាយមាសអូឡាំពិក១គ្រឿង មេដាយមាសកីឡាអាស៊ី (Asian Games) ចំនួន៣គ្រឿង និងមេដាយចំនួន ២៩ ពីការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games)៕