វៀតណាមចាយពេលពីរឆ្នាំទម្រាំរើសបានតុក្កតាតំណាងសម្រាប់ស៊ីហ្គេម២០២១
អគ្គនាយកដ្ឋានកាយសម្ព័ន្ធ និងកីឡា វៀតណាម នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា បានប្រកាសម្ចាស់ជយលាភីក្នុងការរចនាតុក្កតាតំណាងព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម ២០២១ ដែលប្រទេសក្បែរខាងកម្ពុជាមួយនេះនឹងធ្វើជាម្ចាស់ផ្ទះ។
អ្នកនាង Le Thi Hoang Yen នាយករងអគ្គនាយកដ្ឋានកាយសម្ព័ន្ធ និងកីឡា បញ្ជាក់ថា ក្រោយពីរឆ្នាំនៃការរៀបចំការប្រកួតប្រជែងរចនា គណៈកម្មការបានប្រឈមការលំបាកយ៉ាងខ្លាំង ដ្បិតមានដល់ទៅបេក្ខជន១៤៦៧នាក់ បូករួមទាំងអ្នករចនាស្លាកសញ្ញា និងតុក្កតាតំណាង។ ការប្រកួតមានពីរដំណាក់កាល គឺបឋម និងចុងក្រោយ។
ជាលទ្ធផល ម្ចាស់ជយលាភីបានលើវិចិត្រករ Ngo Xuan Khoi ដែលបានដាក់ឈ្មោះតុក្កតាថា Sao La។ ចំណែកអ្នកឡើងដល់វគ្គចុងក្រោយបង្អស់ពីររូបតែមិនបានឈ្នះនោះ ក៏ទទួលបានរង្វាន់លួងចិត្តដែរ។
ម្ចាស់ជយលាភីទទួលបានប្រាក់រង្វាន់៣០លានដុង ឬស្មើ១៣០០ដុល្លារអាមេរិក ខណៈបេក្ខជនពីររូបដែលមិនឈ្នះបានប្រាក់រង្វាន់លួងចិត្ត២២០ដុល្លារអាមេរិក ព្រមទាំងវិញ្ញាបនបត្រទទួលស្គាល់ដោយក្រសួងវប្បធម៌, កីឡា និងទេសចរណ៍ ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិកវៀតណាម។
សម្រាប់បទចម្រៀងស៊ីហ្គេម និងប៉ារ៉ាហ្គេមលើកទី៣១ នឹងប្រកាសនៅថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា៕