បាល់ទះកម្ពុជា និងបាល់ទះខ្មែរអាមេរិកសហការគ្នាផ្ដោតលើ២វិញ្ញាសា
នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសហការចុះអនុស្សារណៈជាមួយសមាគមកីឡាកម្ពុជា-សហរដ្ឋអាមេរិក តាមប្រព័ន្ធអនឡាញក្នុងន័យស្វែងរកកីឡាករ-កីឡាការិនី បន្ថែមចូលក្រុមជម្រើសជាតិ ដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
លោកបណ្ឌិត អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបញ្ជាក់ពីគោលបំណងនៃអនុស្សរណៈនេះថា ផ្ដោតលើកិច្ចការសំខាន់ចំនួន២ គឺទី១ ផ្តោតលើវិញ្ញាសាឆ្នេរខ្សាច់នារី និងទី២ ផ្ដោតទៅលើបាល់ទះនារីក្នុងសាល។
លោក អាំង សេរីពិសិដ្ឋ បានថ្លែងលម្អិតបែបនេះ ៖ «អនុស្សរណៈនេះ គឺក្នុងន័យតែមួយគត់ ថាធ្វើម៉េចដើម្បីអភិវឌ្ឍវិស័យកីឡាបាល់ទះកម្ពុជាយើង ឲ្យមានភាពរីកចម្រើនថែមទៀត ដែលក្នុងនោះ ខ្ញុំផ្ដោតទៅលើកិច្ចការងារសំខាន់ជាចម្បងពីរ។ ទី១ គឺពាក់ព័ន្ធជាមួយវិញ្ញាសាឆ្នេរខ្សាច់ ខ្ញុំជឿជាក់ថា បងប្អូនជនរួមជាតិអាចនឹងជ្រាបហើយ។ កីឡាការិនីប្រភេទឆ្នេរខ្សាច់នៅប្រទេសកម្ពុជារបស់យើង អត់ដែលមានទេ ភាគច្រើន គឺវាពាក់ព័ន្ធទៅនឹងវប្បធម៌ប្រពៃណី ក៏ថាបានដែរ។ បណ្ដាប្រទេសអាស៊ានមួយចំនួន ក៏អ៊ីចឹងដែរ ការស្លៀកប៊ីគីនី មិនអាចលេងបានទេ។ អ៊ីចឹង មានភាពបិទបាំងបន្តិច ដូច្នេះហើយវិញ្ញាសាមួយនេះ មិនត្រូវបានអ្នកណាផ្ដួចផ្ដើមគំនិត នៅក្នុងប្រភេទវិញ្ញាសាបាល់ទះ លើឆ្នេរខ្សាច់នារីទេ។ ហើយខ្ញុំជឿជាក់ថា វប្បធម៌ អរិយធម៌យើង ត្រូវតែថែរក្សាហើយ ប៉ុន្តែពិភពលោកសកលភាវូបនីយកម្ម ក៏យើងមិនត្រូវតែបុរាណនិយមពេកទេ ក្នុងន័យតែមួយអភិរក្ស ប៉ុន្តែត្រូវមានការអភិវឌ្ឍ។ អ៊ីចឹង យើងបានសំណូមពរបណ្ដាអត្តពលិកកម្ពុជារបស់យើង មិនត្រឹមតែនៅអាមេរិកទេ បណ្ដាពិភពលោកទាំងអស់ ឲ្យតែគាត់មានឆន្ទៈស្រឡាញ់ជាតិ ចង់ជួយជាតិ ជ្រោងកីឡាជាតិ គឺយើងស្វាគមន៍ ក្នុងករណីដែលគាត់មានទេពកោសល្យគ្រប់គ្រាន់ ដើម្បីក្លាយជាកីឡាករ-កីឡាការិនី តំណាងជាតិរបស់យើង មកចូលរួមជាមួយកីឡាការិនីនៅក្នុងប្រទេស ដើម្បីធ្វើម៉េច ឲ្យយើងទទួលបាននូវលទ្ធផលល្អប្រសើរ នៅពេលដែលយើងទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ នៅកម្ពុជាយើងនេះ។”
លោក អាំង សេរីពិសិដ្ឋ បន្ថែម “៖ទី២ ក៏យើងស្នើសុំដែរក្នុងការស្វែងរកកីឡាការិនីក្នុងសាលបន្ថែមទៀត។ ខ្ញុំជឿជាក់ថា បងប្អូនជនរួមជាតិ បានជ្រាបហើយ កីឡាការិនីរបស់យើង គឺនៅមានកម្រិតទាបខ្លាំង ដែលយើងពិបាកប្រកួតប្រជែងជាមួយបណ្ដាប្រទេសជិតខាង។ ហើយយើងអត់មានប្រវត្តិបង្កើតក្រុមជម្រើសជាតិកម្ពុជា វិញ្ញាសានារីនេះ ធ្វើការប្រកួតប្រជែងជាមួយនឹងបរទេសដែរ…។ ដូច្នេះហើយ បានជាសហព័ន្ធកីឡាបាល់ទះកម្ពុជារបស់យើង ទីបំផុតយើងបានបង្កើត ជ្រើសរើសបាន១៤នាក់ ដើម្បីទៅហ្វឹកហាត់នៅប្រទេសចិន។ និយាយដោយស្មោះត្រង់ គុណផលរបស់យើង គឺនៅមានកម្រិតទាបបំផុត ដោយសារការប្រកួតប្រជែងវិញ្ញាសាបាល់ទះនារីរបស់យើង គឺមិនសម្បូរបែប ខុសពីបុរស។ អ៊ីចឹង គឺយើងទាមទារឲ្យជនរួមជាតិរបស់យើង ដែលជាជនជាតិខ្មែរ និងបណ្ដាប្រទេសនៅលើពិភពលោក ដែលគាត់មានគុណផលល្អ មានទេពកោសល្យល្អ ហើយជាអត្តពលិកតំណាងសាកលវិទ្យាល័យ វិទ្យាល័យ នៅស្រុកគេ ដែលគាត់ធ្វើការប្រកួតប្រជែងបានច្រើន គាត់អាចមកចូលរួម ហើយសហព័ន្ធស្វាគមន៍ និងច្របាច់បញ្ចូលគ្នា រវាងជនជាតិខ្មែរនៅតាមបណ្ដាប្រទេស មកចូលរួមជាមួយនឹងកីឡាការិនីដែលយើងទើបតែរើសបាន ១៤នាក់។”
គួរដឹងដែរថា សហព័ន្ធកីឡាបាល់ទះកម្ពុជាបានរៀបចំក្រុមនារីឡើងវិញដើម្បីត្រៀមស៊ីហ្គេម២០២៣ ហើយបច្ចុប្បន្នពួកគេកំពុងហ្វឹកហាត់នៅប្រទេសចិនរយៈពេល៦ខែ៕