កីឡាការិនីតៃក្វាន់ដូ ស៊ន សៀវម៉ី សុខចិត្តសែនព្រេនដោយសារកូវីដ 19
បន្ទាប់ពីកីឡាការិនីតៃក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី បានឡើងតំណែងជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី៤ មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារ។ ស្រាប់តែនៅថ្ងៃទី ២២ ខែកុម្ភះ នេះ ស៊ន សៀវម៉ី បានសំរេចចិត្តធ្វើការសែនព្រេនក្នុងលក្ខណៈគ្រួសារ ជាមួយគូដណ្តឹងលោក កែវ ដេវីត ដែលបានភ្ជាប់ពាក្យជាច្រើនខែមកហើយ។ ហើយក្នុងពិធីសែនព្រេននោះ គេសង្កេតឃើញមិនភ្ញៀវមកចូលរួមធំដុំអ្វីឡើយ ពោលគឺភាគច្រើនសុទ្ធតែជាបងប្អូន ញាតិមិត្ត ស្និទ្ធស្នាលតែប៉ុណ្ណោះ ហើយឆាប់ៗខាងមុខនេះ គូស្នេហ៍ទាំង២និងរៀបអាពាហ៍ពិពាហ៍ បន្ទាប់ពីស្ងប់ស្ងាត់ជំងឺកូវិដ១៩។
បើយោងតាមសំដីរបស់លោក ស៊ន អេលីត ដែលជាបងប្រុសរបស់ ស៊ន សៀវម៉ី បានប្រាប់ MSR Sport ឲ្យដឹងថា: ប្អូនរបស់លោកពិតជាសែនព្រេនមែន តាមពិតទៅថ្ងៃនេះគឺជាថ្ងៃចូលរោងការរបស់ សៀវម៉ី តែដើម្បីចូលរួមទប់ស្កាត់កូវិដ១៩ជាមួយរាជរដ្ឋាភិបាល ទើបសម្រេចលើកពិធីអាពាហ៍ពិពាហ៍ទៅថ្ងៃក្រោយ ហើយសែនព្រេនជំនួសវិញ។
សូមរំលឹកថា កីឡាការិនីជម្រើសជាតិកម្ពុជា ផ្នែក តៃក្វាន់ដូ ធ្លាប់ទទួលមេដាយសំរិទ្ធ ក្នុងកីឡាអាស៊ីអាគ្នេយ៍ Sea games នៅឆ្នាំ២០១១ នៅប្រទេសឥណ្ឌូនេស៊ី និងមេដាយមាស នៅឆ្នាំ២០១៣ នៅប្រទេសភូមា ។ស៊ន សៀវម៉ី ក៏បានឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី នៅឆ្នាំ២០១៤ នៅទីក្រុងអ៊ីនឈុន ប្រទេសកូរ៉េខាងត្បូង។ នៅខែមេសា ឆ្នាំ២០១៦ ស៊ន សៀវម៉ី បានទទួលជោគជ័យ ដោយទទួលបានមេដាយមាស ក្នុងការប្រកួតជម្រុះកីឡាតៃក្វាន់ដូ នៅប្រទេសហ្វីលីពីន ដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល ។
មន្ត្រីអង្គរក្ស រូបនេះក៏ទទួលបានមេដាយប្រាក់ ក្នុងការប្រកួតកីឡាតៃក្វាន់ដូ ទ្វីបអាស៊ី ដែលប្រារព្ធធ្វើឡើង នៅខែមេសា ឆ្នាំ២០១៦ ប្រទេសហ្វីលីពីន ផងដែរ ។ ក្នុងឆ្នាំ២០១៩ កីឡាការិនីកម្ពស់ ១.៨៣ រូបនេះ បានឈ្នះមេដាយមាស ជាលើកទី៣ នៅក្នុងការប្រកួតកីឡាតៃក្វាន់ដូ ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ៕