Suarez ៖ Barca ចង់ឲ្យខ្ញុំចេញ ព្រោះគិតថា ខ្ញុំចាស់ហើយ
Luis Suarez ដែលកំពុងនាំមុខតារាង Top Scorer La Liga រដូវកាល២០២០/២០២១ បានបង្ហើបហេតុផលមួយដែល FC Barcelona បញ្ចេញរូបគេពីកីឡដ្ឋាន Camp Nou កាលដើមរដូវកាលនេះ។
ខ្សែប្រយុទ្ធ Atletico Madrid បង្ហើបបែបនេះ “Barcelona គិតថា ខ្ញុំចាស់ហើយ អ៊ីចឹងមិនអាចលេងនៅកម្រិតខ្ពស់ និងលេងនៅក្រុមធំបានទេ។ ខ្ញុំមិនពេញចិត្តទាល់តែសោះ។ នេះជាការស្រង់សម្ដីរបស់ Suarez តាមរយៈសារព័ត៌មាន Goal។
អតីតតារាឆ្នើម Liverpool បន្ថែម “៖បើខ្ញុំជួយអីមិនបានទេ៣ទៅ៤រដូវកាលកន្លងមកហ្នឹង ប្រហែលងាយយល់ទេ។ តែយ៉ាងហោចណាស់ ខ្ញុំក៏អាចស៊ុតចូលជាង២០គ្រាប់អីដែរក្នុងមួយរដូវកាល។ ស្ថិតិរបស់ខ្ញុំនៅក្រោមតែ Messi មួយហ្នឹង។”
តាមពិតទៅ Suarez ក៏ទទួលស្គាល់ដែររឿងប្ដូរក្លិបពីមួយទៅមួយ ប៉ុន្តែអ្វីដែលគេមិនសប្បាយចិត្តនោះ គឺការគិតដូចខាងលើរបស់ Barcelona។
កីឡាករវ័យ៣៣ឆ្នាំថ្លែងបញ្ជាក់ “៖លេងនៅ Barca មិនស្រួលទេ។ កីឡាកររើសមកច្រើន តែលេងមិនដូចអ្វីចង់បាន។ ខ្ញុំលេង៦រដូវកាលហើយ ហើយរលូនរហូត។ តាមពិតក្លិបមួយៗតែងតែត្រូវការផ្លាស់ប្ដូរ ខ្ញុំក៏ទទួលស្គាល់។ អ្វីសំខាន់នោះ ខ្ញុំត្រូវការគោរព។ ខ្ញុំគិតថា ខ្ញុំមិនទទួលបានទំនុកចិត្តទៀតទេ តែខ្ញុំត្រូវតែបន្តបង្ហាញគុណផលរបស់ខ្ញុំ អ៊ីចឹងហើយបានជាខ្ញុំចូលរួមជាមួយ Atletico Madrid។”
នៅ Barcelona ពីមួយរដូវកាលទៅមួយរដូវកាល យ៉ាងហោចណាស់ Suarez រកបានជាង២០គ្រាប់។ ជាពិសេសរដូវកាល២០១៥/២០១៦ គេរកបានសរុប៥៩គ្រប់ពីគ្រប់កម្មវិធី វ៉ាដាច់ Lionel Messi យកបានស្បែកជើងមាសអឺរ៉ុប។
រដូវកាលនេះជាមួយ Atletico Madrid កីឡាករធ្លាប់លេងនៅ Ajax Amsterdam រកបាន១៦គ្រាប់ហើយ ខណៈ ATM កំពុងនាំមុខកំពូលតារាង La Liga៕