ឯកឧត្តម វ៉ាត់ ចំរើន ប្រាប់កីឡាករ កីឡាការិនីជម្រើសជាតិត្រៀមខ្លួន ចាក់វ៉ាក់សាំងកូវីដ-១៩

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានទទួលការចាក់វ៉ាក់សាំងទប់ស្កាត់ជំងឺកូវីដ-១៩ លើកទី១ រួចហើយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដើម្បីបង្ហាញពីភាពជឿជាក់ និងជាគំរូសម្រាប់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ក្នុងការហ្វឹកហាត់ត្រៀមចូលរួមប្រកួតប្រជែងមេដាយ ក្នុងស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា-ធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាម។
ឯកឧត្តម វ៉ាត់ ចំរើន បានអះអាងយ៉ាងដូច្នេះថា «ខ្ញុំបានចូលរួមទប់ស្កាត់ជំងឺ COVID-19 លើកទី១ រួចរាល់ហើយរង់ចាំ១៤ថ្ងៃទៀត ទើបចាក់បង្រ្គប់លើកទី២។ មុនពេលចាក់វ៉ាក់សាំងនេះ គឺមានការពិគ្រោះយោបល់លើបញ្ហាសុខភាពពីក្រុមគ្រូពេទ្យជំនាញ ទើបអនុញ្ញាឲ្យចាក់។ ចំពោះសេវាទទួលចាក់វ៉ាក់សាំងមានភាពល្អប្រពៃណាស់ សមរម្យ កក់ក្តៅ និងចាក់លឿនមិនឈឺ មិនដឹងថាចាក់ ប្រើពេលត្រឹមតែ៤ឬ៥វិនាទីតែប៉ុណ្ណោះ។ សូមត្រៀមលក្ខណៈឲ្យ កីឡាករ កីឡាការិនី គ្រូបង្វឹកក្រុមជម្រើសជាតិ ត្រៀមចូលរួមចាក់វ៉ាក់សាំងទាំងអស់គ្នា តាមការស្ម័គ្រចិត្ត។ ប៉ុន្តែបើយកល្អពេទ្យពិនិត្យ ឬដឹងខ្លួនថាចាក់បាន គួរតែចាក់ឲ្យហើយ សម្រាប់កីឡាករ គ្រូបង្វឹក ត្រៀមការហ្វឹកហាត់ ការប្រកួត ក្រៅប្រទេស ឆ្នាំ២០២១ ជាពិសេសគឺត្រូវចូលរួមប្រកួត ស៊ីហ្គេម នៅប្រទេសវៀតណាម ចុងឆ្នាំ២០២១នេះ។ ចំពោះពេលវេលាដែលត្រូវចាក់ ខ្ញុំនឹងជម្រាបជូនឆាប់ៗខាងមុខនេះ។ សូមអរគុណ និងក្តីមោទនសុខភាពសាធារណៈជាតិខ្ពស់»៕ ប្រភព៖ Cambodia SEA GAMES 2023
