
ការហាត់របស់អត្តពលិកខ្មែរនៅចិនត្រូវបែងចែកជា២ដំណាក់កាល
ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា នេះ កីឡាចំនួន ១២ប្រភេទរបស់កម្ពុជា បានចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ការចាកចេញរបស់ក្រុមអត្តពលិកកម្ពុជាទាំង ១២ប្រភេទកីឡា ស្មើនឹងប្រតិភូ ១៦១នាក់ ធ្វើឡើងតាមរយៈការរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រោមជំនួយឥតសំណងពីសំណាក់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ។
កីឡាទាំង១២ប្រភេទមានកាយសម្ព័ន្ធ , យូដូ , វូស៊ូ , បាល់បោះ , វាយកូនឃ្លីលើតុ , អត្តពលកម្ម , ចំបាប់ , វាយសី , ហែលទឹក , លើកទម្ងន់ , បាល់ទាត់-នារី និងបាល់ទះ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានមានប្រសាសន៍ថា “៖ការងារនេះមានការខកខានយូរពេក ដោយសារតែបញ្ហាកូវីដ ការរឹតត្បិតការចេញចូលនៅចិន អ៊ីចឹងយើងក៏បានពន្យារពេលមកដល់ពេលនេះ។”
កីឡាករ កីឡាការិនី ទាំង ១៥៩នាក់ នឹងធ្វើការធ្វើហាត់រហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា តែម្ដង ហើយក្រោយពីការប្រកួតស៊ីហ្គេម ២០២៣ បញ្ចប់ កីឡាករ កីឡាការិនីកម្ពុជា នឹងត្រលប់ទៅហ្វឹកហាត់បន្តទៀត ដើម្បីបង្រ្គប់កិច្ចសន្យាជំនួយឥតសំណងដែលមានរយៈពេល ២ឆ្នាំ។
“៖ទំហំនៃជំនួយនេះធំ ដោយសារតែការហ្វឹកហាត់ត្រូវចំណាយច្រើន ហើយមិនមែនតែពេលហ្នឹងទេ។ តាមពិតយើងត្រូវហ្វឹកហាត់ ២ឆ្នាំមុន អ៊ីចឹងគម្រោង ២ឆ្នាំមុន បានខ្លីមកសល់តែ ៧, ៨ខែ ប៉ុន្តែ៧, ៨ខែនេះចប់ គម្រោងសម្រាប់គម្រោងដែលយើងអត់បានអនុវត្តពី១ឆ្នាំជាងហ្នឹង ត្រូវបន្តទៅទៀត។ អ៊ីចឹងអាចឲ្យកីឡាករ កីឡាការិនីយើង ក្រោយពីស៊ីហ្គេមហើយ ក៏នៅតែទទួលបានការបណ្ដុះបណ្ដាលជំនាញកីឡាកម្រិតខ្ពស់នេះបន្តទៅទៀត។” ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍សង្កត់ធ្ងន់៕