
ក្រុមប៉េតង់កម្ពុជាចោលមេដាយមាស២គ្រឿងទៀតហើយ
ក្រុមកីឡាប៉េតង់កម្ពុជាបានបញ្ចប់ចំនួន៨វិញ្ញាសាទៀតគិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣ នេះក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣។
ជាក់ស្ដែងនៅថ្ងៃព្រហស្បតិ៍ ទី១១ នេះ កម្ពុជាបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រក្នុងវិញ្ញាសានារីម្នាក់ បុរស២នាក់ ដែលមានកីឡាករ យឹម សោភ័ណ កីឡាការិនី វង ចន្ថា និងកីឡាករ សុិន វង់។ មុនឡើងទៅកាន់វគ្គដណ្ដើមមេដាយមាស ពួកគេបានយកឈ្នះហ្វីលីពីន និងមីយ៉ាន់ម៉ា មុនទម្លាក់ក្រុមថៃក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
មិនដូចបំណងដែលចង់បាន ក្រុមកម្ពុជាបានប្រកួតចាញ់ក្រុមឡាវ ដោយលទ្ធផល១៣ទល់នឹង៥ក្នុងវគ្គផ្ដាច់ព្រ័ត្រ ទទួលបានមេដាយប្រាក់។
ដោយឡែក ក្រុមបុរស១នាក់ នារី២នាក់វិញប្រកួតចាញ់ម៉ាឡេស៊ីក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយលទ្ធផល១៣ទល់នឹង៨ ទទួលបានមេដាយសំរឹទ្ធ៕