សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាដាក់ទិសដៅធំៗចំនួន៤ក្នុងឆ្នាំ២០២៤
នារសៀលថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤ សហព័ន្ធកីឡាប៊ូល និប៉េតង់កម្ពុជា បានរៀបចំសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដែលកម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសហព័ន្ធ កីឡាប៊ូល និងប៉េតង់កម្ពុជា។ កម្មវិធីនេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពីតំណាងក្រសួងអប់រំយុវជន និងកីឡា តំណាងគណៈកម្មការធិការជាតិកីឡាអូឡាំពិក សមាជិកគណៈកម្មាធិការប្រតិបត្តិ សមជិកសហព័ន្ធ លោកគ្រូអ្នកគ្រូបង្វឹក តំណាងសម្ព័ន្ធ ក្លិប មកពីបណ្ដារាជធានី ខេត្ត និងកីឡាករ កីឡាការិនីសរុបចំនួន ៨៥នាក់។
ឯកឧត្ដម សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ដើម្បីបូកសរុបលទ្ធផល ដែលសម្ព័ន្ធទទួលបានក្នុងឆ្នាំ២០២៣ និងបានដាក់ទិសដៅការងារសម្រាប់ឆ្នាំ២០២៤នេះ និងបានបូក សរុបរបាយការណ៍វឌ្ឍនភាព របាយការណ៍ហិរញ្ញវត្ថុ ជូនអង្គសន្និបាតទាំងមូលបានជ្រាប។ ក្នុងឆ្នាំ២០២៤ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នឹងផ្ដោតលើទិសដៅការងារជាអាទិភាពចំនួន៤គឺ (១) ពង្រឹងបន្ថែម ការងារបណ្ដុះបណ្ដាលពិសេសផ្តោតលើបច្ចេកទេសកម្រិតខ្ពស់ (២) ពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធ កីឡាប៊ូល និងប៉េតង់កម្ពុជា និងសម្ព័ន្ធ-ក្លិបនៅបណ្ដារាជធានី-ខេត្ត (៣) បន្តចូលរួមការប្រកួតអន្តរជាតិ និងជំរុញការប្រកួតក្នុងប្រទេស ពិសេសកម្រិតខេត្ត សម្ព័ន្ធនិងក្លិប (៤)ពង្រីកវិសាលភាពវិស័យកីឡាប៊ូល និងប៉េតង់កម្ពុជា។
ថ្លែងនៅក្នុងពិធីបិទសន្និបាត ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងជាប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានមានប្រសាសន៍គាំទ្រ និងឯកភាពនូវ ការដាក់ទិសដៅអាទិភាពរបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងបានមានប្រសាសន៍ផ្ដាំផ្ញើដល់ គ្រួសារសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា សូមបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព បង្កើនការហ្វឹកហាត់ ការបណ្ដុះបណ្ដាល និងពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងសម្ព័ន្ធ-ក្លិប ក៏ដូចជាពង្រឹងចំណងទំនាក់ទំនង ក្នុងតំបន់ និងអន្តរជាតិមានជាអាទិ៍ការចុះអនុស្សរណៈយោគយល់គ្នា លើកការពង្រឹងវិស័យកីឡាប៊ូល និង ប៉េតង់ជាដើម។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា កីឡាប៊ូល និងប៉េតង់ ជាកីឡាមួយដែលមាន ប្រជាប្រិយភាពនិងងាយស្រួលក្នុងទាក់ទាញយុវជន មហាជនឱ្យលេងកីឡានេះ។
គួររំលឹកផងដែរថា សមិទ្ធិផលជោគជ័យកន្លងមក របស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា គឺពិតជា ធ្វើឱ្យយើងទាំងអស់គ្នាមិនអាចភ្លេចបាននូវគុណូបការៈរបស់ថ្នាក់ដឹកនាំដ៏ឆ្នើមរបស់យើងនោះគឺ សម្តេចវិបុលបញ្ញា សុខ អាន អតីតប្រធាននិងជាស្ថាបនិក និងសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាអតីតប្រធាននិងជាអតីតប្រធានកិត្តិយស និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ជាអតីតប្រធាននិងបច្ចុប្បន្នជាប្រធានកិត្តិយស ព្រមទាំងអតីតថ្នាក់ដឹកនាំដទៃទៀតជាច្រើនរូប រួមគ្នាផ្តួចផ្តើមគំនិត និងជ្រោមជ្រែងក្នុងការបង្កើតសហព័ន្ធនេះ។ ដោយគិតចាប់តាំងពីឆ្នាំ១៩៩២ រហូតមក ដល់បច្ចុប្បន្ន សហព័ន្ធ បានដំណើរការការងារចំនួន ៧ អាណត្តិ និងមានរយៈពេល៣២។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានមេដាយកសរុបចំនួន ៤១៣គ្រឿង (មាស ១១៧គ្រឿង ប្រាក់ ១៤៥គ្រឿង និងសំរិទ្ធ ១៥១គ្រឿង)។