Hamilton វ៉ាកំណត់ត្រាពិសេសមួយរបស់ Schumacher
Lewis Hamilton បានក្លាយជាអ្នកប្រណាំងរថយន្ដ Formula One ដែលឈ្នះច្រើនប្រកួតជាងគេ ក្រោយដណ្ដើមបានជ័យជម្នះនៅព័រទុយហ្គាល់ដែលជាការឈ្នះលើកទី៩២ កាលថ្ងៃអាទិត្យ ទី២៥ ខែតុលា លើអតីតជើងឯកពិភពលោក Michael Schumacher ដែលធ្វើបាន៩១ប្រកួត។
កីឡាករមកពីចក្រភពអង់គ្លេសបានចាប់ផ្ដើមនៅទីតាំងទីមួយ ក្រោយដណ្ដើមបាន Pole Position ក្នុងវគ្គជម្រុះ។ យ៉ាងណា ក្នុងការប្រកួតនៅថ្ងៃអាទីត្យ គេត្រូវបានវ៉ាដោយមិត្តរួមក្រុម Valterri Bottas និង Carlos Sainz (McLaren) នៅជុំដំបូង។ Sainz បានរក្សាការនាំមុខ៦ជុំ មុនអ្នកប្រណាំងមកពីក្រុម Mercedes ទាំងពីរវ៉ាផុតវិញ។
Hamilton បានឆ្លងកាត់ Bottas យកបានការនាំមុខនៅជុំទី២០ និងបន្តរហូតដល់ទីព្រ័ត្រ។ កីឡាករវ័យ៣៥ឆ្នាំបានប្រើពេល១ម៉ោង២៩នាទី និង៥៦វិនាទីចុច៨២៨ ពីមុខអ្នកលេខពីរ Bottas, អ្នកលេខ៣ Max Vertappen (Red Bull) និង Chalres Leclerc (Ferrari)។
ការប្រកួតនៅ៥លើកទៀតក្នុងកាលវិភាគឆ្នាំ២០២០នេះដែលមានន័យថា Hamilton មានឱកាសរកបានជ័យជម្នះលើកទី៩៧ប្រសិនបើគេឈ្នះទាំងអស់។
បច្ចុប្បន្ន Lewis Hamilton ដែលជាជើងឯកពិភពលោក៦សម័យកំពុងនាំមុខតារាងចំណាត់ថ្នាក់រួមនៅឆ្នាំ២០២០នេះ ដោយមាន២៥៦ពិន្ទុ ខណៈលេខពីរ Bottas មាន១៧៩ពិន្ទុ។ ដូច្នេះ Hamilton មានភាគរយដាច់គេក្នុងការឈានទៅក្រសោបជើងឯកពិភពលោកលើកទី៧ ស្មើ Michael Schumacher៕