
គុនដាវកម្ពុជាបានបំបែកកំណត់ត្រានៅប្រទេសសិង្ហបុរី
កីឡាគុនដាវកម្ពុជាបានបំបែកកំណត់ត្រាដោយបានប្រកួតឈ្នះមេដាយមាស ជាលើកដំបូង នៅក្នុងព្រឹត្តិការណ៍កីឡាគុនដាវជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ី ឆ្នាំ២០១៩ នៅប្រទេសសិង្ហបុរី ដែលបានបញ្ចប់កាលពីថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ។
ព្រឹត្តិការណ៍សាកលវិទ្យាល័យអាស៊ីនេះគឺកម្ពុជាឈ្នះមេដាយមាស១វិញ្ញាសា ប្រាក់១ និងសំរឹទ្ធ៤ ដោយមេដាយមាសដណ្តើមបានលើវិញ្ញាសានារីដាវធំជាក្រុម ដោយមាន ៦ក្រុមចូលរួម និងមេដាយប្រាក់ដណ្ដើមបានលើវិញ្ញាសានារីដាវកាប់ជាក្រុមមាន ៧ក្រុម ចូលរួម។
នេះគឺជាមោទកភាពជាតិ ដែលកីឡាករ-កីឡាការិនីគុនដាវកម្ពុជាដណ្ដើមបានមេដាយមាសជាលើកដំបូង ដែលជាកំណត់ត្រាថ្មីមួយរបស់សហព័ន្ធកីឡាគុនដាវកម្ពុជា បន្ទាប់ពីបានបញ្ជូនអត្តពលិក ចូលរួមប្រកួតជើងឯក សាកលវិទ្យាល័យអាស៊ី ជាច្រើនលើកកន្លងមក។
សូមបញ្ជាក់ថា ការប្រកួតកីឡាគុនដាវសាកលវិទ្យាល័យអាស៊ីឆ្នាំ២០១៩ នៅប្រទេសសិង្ហបុរីបានប្រព្រឹត្ត ទៅរយៈពេល៣ថ្ងៃ ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ដោយមានអត្តពលិកមកពី ១៨វិទ្យាស្ថានអប់រំស្មើនឹងកីឡាករ-កីឡាការិនី ១៧៣នាក់ចូលរួម ក្នុងនោះកម្ពុជាក៏បានបញ្ជូនកីឡាករ ៤នាក់ និងកីឡាការិនី ៥នាក់ ដឹកនាំដោយ ប្រធានប្រតិភូកីឡាគុនដាវកម្ពុជា គឺលោកស្រីវេជ្ជបណ្ឌិត សុខា សុធានី ៕ប្រភព៖ ក្រសួងព័ត៌មាន