
ជិត៤០០០នាក់ចូលរួមទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុនក្រោយផ្អាក២ឆ្នាំ
មហាជន៣៦២១នាក់បានចូលរួមទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមិថុនា នេះ នៅមុខព្រះបរមរាជវាំង។
ការប្រកួតមានវិញ្ញាសា២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ។
ព្រឹត្តិការណ៍រត់ប្រណាំងនេះត្រូវបានធ្វើឡើងដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ គោលដៅបន្ទាប់ គឺស្វែងរកថវិកាពីការចុះឈ្មោះរបស់អត្តពលិក និងដៃគូឧបត្ថម្ភបរិច្ចាគទៅកាន់ការងារសប្បុរសធម៌ មន្ទីរពេទ្យ គន្ធបុប្ជា និងកិច្ចការសង្គម តាមរយៈអង្គការជាដៃគូជាច្រើនទៀត ដោយមិនសំដៅទៅលើការស្វែងរកកម្រៃ ឬប្រាក់ចំណេញនោះទេ។
ព្រឹត្តិការណ៍នេះត្រូវបានខកខាន ២ឆ្នាំ ដោយសារបញ្ហាកូវីដ-១៩ ហើយជាខួបលើកទី១០ផងដែរ។ នេះក៏ជាជោគជ័យ និងជាផ្លែផ្កាថ្មីមួយ បន្ទាប់ពីធូរស្រាលជំងឺកូវីដ-១៩ ដែលមានអ្នកចូលរួមដ៏ច្រើនបែបនេះ ពិសេសសន្ទុះអ្នករត់ចម្ងាយ ១០គីម៉ែត្រតែម្ដង ដែលស្ដែងចេញឲ្យឃើញនូវសុខភាពល្អរបស់ប្រជាពលរដ្ឋ ក៏ដូចជាយុវជន-យុវតីកម្ពុជា នាពេលបច្ចុប្បន្ន៕