៧ក្រុមកំពូលក្នុងពានបាល់ទះសម្ដេចក្រឡាហោមមានឱកាសចូលដណ្ដើមពានសម្ដេចតេជោ
ពានរង្វាន់បាល់ទះកម្រិតអាជីពនេះ មាន២១ក្រុមមកពីតាមបណ្ដាខេត្តចំនួន២១ចូលរួម ហើយពួកគេនឹងត្រូវប្រកួតគ្នាដើម្បីស្វែងរកជើងឯក។ ជាងនេះទៅទៀតក្រុមដែលមានចំណាត់ថ្នាក់ពីលេខ១ដល់លេខ៧ នឹងត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោយពេលបញ្ចប់ការប្រកួតពានសម្ដេចក្រឡាហោមនេះទៅ។ ព្រឹត្តិការណ៍ខាងលើដំណើរការប្រកួតចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ។
លក្ខខណ្ឌនៃការប្រកួតគឺក្រុមទាំងអស់នៅរាជធានីភ្នំពេញឬក្រុមធំចំនួន៥មិនអនុញ្ញាតឲ្យចូលរួមប្រកួតដោយយកក្រុមកម្រិត A ឡើយ ពោលគឺអាចយកក្រុមឈុតB មកប្រកួត។ ក្រុមទាំង២១បែងចែកជា៤ ពូល ដោយពូល A មាន៦ក្រុម ហើយប្រកួតវិលជុំសន្សំពិន្ទុ ក្រុមដែលមានលេខរៀងទី១ និងទី២ ឡើងទៅកាន់វគ្គ៨ ក្រុមចុងក្រោយ។ រួចហើយបន្តប្រកួតឡើងទៅកាន់វគ្គ៤ក្រុម និងវគ្គផ្ដាច់ព្រ័ត្រតែម្ដង។
ក្នុងឱកាសបើកការប្រកួតពានសម្ដេចក្រឡាហោម ស ខេង នៅព្រឹកថ្ងៃពុធ ទី០៩ ខែមិថុនា នៅទីលានបាល់ទះវិសាខា លោក អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានលើកឡើងថា ពានមួយនេះជាជំហានថ្មីមួយដែលកម្ពុជាត្រូវចាប់ផ្ដើមដើរ ដើម្បីពង្រឹងវិស័យបាល់ទះឲ្យកាន់តែមានសក្ដានុពល។
អគ្គលេខាធិការខាងលើបានឲ្យដឹងថា រហូតមកដល់ពេលនេះសហព័ន្ធកំពុងតែពង្រឹងបន្ថែមឲ្យបានកាន់ខ្លាំងនូវការខិតខំប្រឹងប្រែង ដើម្បីធ្វើយ៉ាងណាបង្កើតកម្មវិធីប្រកួតឲ្យបានកាន់តែច្រើន។ ពានសម្ដេចក្រឡាហោមនេះជាការចាប់ផ្ដើមថ្មីមួយក្នុងការបង្កើតកម្មវិធី ក៏ដូចជាការចាប់ផ្ដើមដើរទៅរកច្បាប់ក្រមនៃការចងក្រងឲ្យត្រូវទៅតាមគោលការណ៍របស់ប្រទេសគេផ្សេងៗ ការបង្កើតកម្មវិធីប្រកួតបែបនេះវាធ្វើឲ្យគ្រប់ក្លឹបនៅតាមបណ្ដាខេត្ត-រាជធានីអាចចុះឈ្មោះចូលរួមប្រកួតបានដោយភាពត្រឹមត្រូវ។
សម្រាប់ប្រាក់រង្វាន់មានដូចខាងក្រោម ៖
លេខ១ទទួលបាន ២០លានរៀល
លេខ២ទទួលបាន១២លានរៀល
លេខ៣ ទទួលបាន៨លានរៀល
លេខ៤ទទួលបាន៤លានរៀល