ប្រវិត្តខ្លះៗរបស់ម្ចាស់ជ័យលាភីស្លាកសញ្ញា និងនិមិត្តសញ្ញា ស៊ីហ្គេម ២០២៣
ម្ចាស់ជ័យលាភីស្នាដៃស្លាកសញ្ញា (Logo) និងនិមិត្តសញ្ញា (Mascot) ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានបង្ហាញអារម្មពិតក្រោយបញ្ចប់ពិធីប្រកាសជ័យលាភីស្នាដៃ និងពិធីរាប់ថយក្រោយ កាលពីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នៅពហុកឡដ្ឋានជាតិមរតកតេជោ។
លោក នាង វិសាល ដែលជាម្ចាស់ជ័យលាភីស្លាកសញ្ញាបានបង្ហាញនូវអារម្មណ៍រំភើបខ្លាំង ដែលក្លាយជាម្ចាស់ជ័យលាភី និងត្រូវបានកម្តល់ទុកមានតម្លៃជាប្រវិត្តិសាស្ត្រសម្រាប់ជាតិទាំងមូល។ លោកអះអាងថា នេះគឺជាកិត្តិយសដ៏ធំធេងរបស់លោក ក៏ដូចជាក្រុមគ្រួសារ និងមិត្តភ័ក្រ្ត ដែលបានផ្តល់ជាគំនិតក្នុងការរចនារហូតដល់មានការសម្រេចជ្រើសរើស ការកែសម្រួលជាច្រើនលើក បន្ទាប់ពី CAMSOC បើកឲ្យប្រកួតប្រជែងស្នាដៃជាសាធារណៈ និងមានបេក្ខជនជាច្រើនបានចូលរួម កាលពីពេលកន្លងទៅ។ លោក នាង វិសាល កើតនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៩០ មានទីកន្លែងកំណើត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានមានឳពុកឈ្មោះ ប៉ុក ជនណាត មុខរបរចម្លាក់រូប ជាមន្រ្តីចូលនិវត្តន៍នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងម្តាយឈ្មោះ សូរ គឹមលៀង មុខរបរមេផ្ទះ។ មានបងប្អូនបង្កើតចំនួន ៤នាក់ ប្រុស២ ស្រី២នាក់ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកពត័មានវិទ្យា ជំនាញបង្កើតគេហទំព័រក្រោយបញ្ចប់ការសិក្សាបានស្វែងរកបទពិសោធន៍ការងារជាច្រើន ក្នុងនោះ អ្នកបង្កើតគេហទំព័រ (World Bridge Commence) និងជាអ្នកក្រាហ្វីកឌីហ្សាញ Cartoon អ្នកក្រាហ្វិកឌីហ្សាញ People & Partners Insurance ជាដើម។
ចំពោះម្ចាស់ជ័យលាភី លី គឹមអាន ភេទស្រី កើតនៅថ្ងៃ ទី០២ ខែសីហា ឆ្នាំ១៩៩៧ ទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅរាជធានីភ្នំពេញបានលើកឡើងដែរថា «នាងខ្ញុំបានដាក់ពាក្យចូលរួមប្រឡងស្នាដៃនេះ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ហើយចេះតែរង់ចាំការប្រកាសលទ្ធផល ហើយនៅពេលចេញលទ្ធផលថានាងខ្ញុំបានជាប់ជាជ័យលាភី នេះ នាងខ្ញុំពិតជារំភើបចិត្តជាខ្លាំង។ មុនពេលប្រកាសជ័យលាភី នាងខ្ញុំគិតថា មិនអាចឈ្នះទេ ដោយសារការចូលរួម ប្រឡងស្នាដៃនេះមានបេក្ខជនច្រើនទូទាំងប្រទេស។ នាងខ្ញុំបានដាក់ប្រឡងស្នាដៃទាំងពីរ គឺ Logo និង Mascot ប៉ុន្តែ នាងខ្ញុំបានឈ្នះ Mascot»។ ជាមួយគ្នានោះម្ចាស់ជ័យលាភីរូបនេះបានប្តេជ្ញាចិត្តថា នឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីជួយជាតិ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ ជ័យលាភី លី គឹមអាន បញ្ចប់ការសិក្សា កាលពីឆ្នាំ២០១៩ នៅសកលវិទ្យាល័យ Limkokwing University of Creative Technology និងធ្លាប់មានបទពិសោធន៍ជាច្រើន ក្នុងនោះជាជំនួយការខាងអាជីវកម្ម (WorldBridge) និងជាអ្នកឌីហ្សាញជាដើម។
បេក្ខជនជ័យលាភីទាំងពីររូបលើស្នាដៃ Logo និង Mascot ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តក្នុងម្នាក់ៗ ២០លានរៀល ហើយទទួលបានសិទ្ធិជាអគ្គរដ្ឋទូតសុឆន្ទៈ “Good Will Games Ambassador” SEA Games 2020, ទទួល បានសិទ្ធិទស្សនាការប្រកួតគ្រប់ប្រភេទកីឡា និងពិធីបើក-បិទ SEA Games 2020 ព្រមទាំងបានចុះឈ្មោះក្នុងប្្ជីមរតក SEA Games Legacy ផងដែរ៕
ប្រភព៖ Cambodia SEA GAMES 2023