ភ្នំពេញក្រោន ស៊ុតមិនទុកមុខឱ្យម្ចាស់ផ្ទះសោះ
ក្រុមភ្នំពេញក្រោន បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ គិរីវង់សុខសែនជ័យ ក្នុងលទ្ធផល ៦ ទល់ ០ នៅមុននេះបន្តិច នាជំនួបសប្តាហ៍ទី១១ ក្របខណ្ឌបាល់ទាត់លំដាប់កំពូលកម្ពុជា លើកីឡដ្ឋានគិរីវង់សុខសែនជ័យផ្ទាល់។
ត្រឹមចាប់ផ្តើមបាន ៥ នាទីក្រុមភ្ញៀវបានធ្វើការនាំមុខមុនបាត់ទៅហើយ ដែលធ្វើបានសម្រេចដោយកីឡាករ NIETO ស្របពេលដែលខ្សែប្រយុទ្ធវ័យក្មេង លឹម ពិសុទ្ធ រកបាន ២គ្រាប់ នៅនាទី១១ និងនាទី៦១។ ចំណែកកីឡាករជាយដែន ប្រាក់ ធីវ៉ា រកបាននៅនាទី ២២ និងខ្សែប្រយុទ្ធឆ្នើម PAULO VICTOR រកបាន ២គ្រាប់ ពោលគឺនៅនាទី ៧០ និង៩០+១ ។
ដូច្នេះហើយ ៣ពិន្ទុនេះ ធ្វើឱ្យ ភ្នំពេញក្រោន កក់ក្តៅសម្រាប់ការប្រជែងជើងឯងនាជើងទី២ នៃពានរង្វាន់លីគកំពូលរដូវកាល២០២០នេះ ខណៈនៅសល់មួយប្រកួតទៀតដើម្បីបញ្ចប់ជើងទី១ ដោយត្រូវប៉ះ កងយោធពលខេមរភូមិន្ទ ៕