ហែម ប៉ុច និងឃឺន ប៊ុនពេជ្រមរកត បំបែកកំណត់ត្រាផ្ទាល់ខ្លួនបានសម្រេច
ទោះមិនអាចឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រអូឡាំពិក ២០២០ នៃកីឡាហែលទឹក វិញ្ញាសា៥០ម៉ែត្រសេរី ទាំងកីឡាករ ហែម ប៉ុច និង ឃឺន ប៊ុនពេជ្រមរកត សុទ្ធតែបានបំបែកកំណត់ត្រាផ្ទាល់ខ្លួន។
ជាលទ្ធផលពីការប្រកួតផ្នែកបុរស ហែម ប៉ុច បានបញ្ចប់នៅលេខ៤ ក្នុង heat 4 (ទាំងអស់១០ heat) ដោយចំណាយពេល២៤វិនាទីចុច៩១។ កំណត់ត្រាចាស់របស់គេ គឺ ២៤វិនាទីចុច៩២។ បើតាម CAMSOC នេះក៏ជាកំណត់ត្រាខ្ពស់បំផុត សម្រាប់អត្តពលិកហែលទឹកកម្ពុជា ក្នុងការប្រកួតកីឡាអូឡាំពិក វិញ្ញាសាហែល ៥០ម៉ែត្រសេរីបុរសកន្លងមក ដ្បិតលោក ហែម គិរី ធ្លាប់ធ្វើបានក្នុងថិរវេលា ២៦.៤១វិនាទី កាលពីឆ្នាំ២០០០ និងកីឡាករ ហែម ថុនពន្លឺ ធ្លាប់ធ្វើបានក្នុងថិរវេលា ២៧.០៣វិនាទី កាលពីឆ្នាំ២០០៨។
សម្រាប់លទ្ធផលផ្នែកនារីវិញ កីឡាករហែលទឹកកម្ពុជា ឃឺន ប៊ុនពេជ្រ បានបំបែកកំណត់ត្រាផ្ទាល់ខ្លួន ដោយចំណាយពេល ២៩វិនាទីចុច៤២ក្នុងការប្រកួត៥០ម៉ែត្រសេរីដូចគ្នា។ កំណត់ត្រា របស់គេ គឺ២៩វិនាទីចុច៩៩។ នាងបានបញ្ចប់នៅលេខ៣ក្នុង heat 3។
អ្នកទាំង២មិនអាចឡើងទៅកាន់វគ្គបន្តបានទេ ដោយបុរសរើស១៨នាក់ និងនារីរើស១៨នាក់ទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕