សហព័ន្ធបាល់ទាត់ថៃគ្រោងខ្ចីលុយ FIFA ដោះស្រាយចំណាយគ្រូ និងកីឡាករជម្រើសជាតិ
សហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) គ្រោងនឹងខ្ចីលុយខ្លះពី FIFA ដើម្បីផ្គត់ផ្គង់ថ្លៃចំណាយលើគ្រូបង្គោល និងកីឡាករជម្រើសជាតិពេលប្រកួតអន្តរជាតិម្ដង។
ហិរញ្ញវត្ថុគឺជាបញ្ហាប្រឈមមួយសម្រាប់បាល់ទាត់ថៃបច្ចុប្បន្ន។ ប្រធាន FAT លោក Somyot Poompunmuang ទទួលស្គាល់ថា សហព័ន្ធត្រូវការខ្ចីប្រាក់ដើម្បីដោះស្រាយវិបត្តិ។
លោក Somyot រៀបរាប់ប្រាប់ Bangkok Post បែបនេះ “៖ការប្រកួតក្នុងស្រុកនឹងគ្រោងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ តែអ្វីៗនឹងមិនអាចដំណើរការបានទេប្រសិនបើយើងមិនអាចទទួលបានប្រាក់មកវិញពីម្ចាស់ឧបត្ថម្ភ។ ពេលវេលានៅសល់តិចតួចណាស់។ FAT សម្រេចចិត្តខ្ចីប្រាក់ដោយគ្មានការប្រាក់ រយៈពេលពី ៦ខែដល់មួយឆ្នាំពីប្រភពក្នុងស្រុក និងបរទេស។”
ប្រភពសហព័ន្ធដដែលបន្ថែមបែបនេះ “៖ យើងក៏ត្រូវការសាច់ប្រាក់ផងដែរនាពេលឥឡូវនេះដើម្បីថែរក្សាក្រុមជម្រើសជាតិក្នុងការប្រកួតអន្តរជាតិនាពេលខាងមុខ។ ដោយមានទំនាក់ទំនងល្អពី FIFA និង AFC យើងមានទំនុកចិត្តក្នុងការខ្ចីប្រាក់ជាសាច់ប្រាក់ដើម្បីបន្តទៅមុខ។”
ទំព័រ SMM Sport របស់ប្រទេសថៃបញ្ជាក់ថា នេះជាលើកទីមួយហើយក្នុងរយៈពេល ១០៤ ឆ្នាំដែលសហព័ន្ធកីឡាបាល់ទាត់ថៃត្រូវខ្ចីប្រាក់ដើម្បីគ្រប់គ្រងប្រតិបត្តិការ។ FAT ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩១៦ ក្លាយជាសមាជិករបស់ FIFA នៅឆ្នាំ ១៩២៥ ជាសមាជិករបស់ AFC ក្នុងឆ្នាំ ១៩៥៤ និងបានចូលរួមជាមួយ AFF នៅឆ្នាំ ១៩៨៤ ។
ក្រុមជម្រើសជាតិថៃសល់ ៣ ប្រកួតទៀតក្នុងវគ្គជម្រុះ FIFA World Cup 2022 ដែលរួមមានពីរប្រកួតក្នុងផ្ទះជាមួយឥណ្ឌូណេស៊ី (៨ តុលា) និងម៉ាឡេស៊ី (១៧វិច្ឆិកា) និងទៅកាន់ប្រទេសអារ៉ាប់រួម(១២ វិច្ឆិកា) ។ មុនការប្រកួតចូលមកដល់ ថៃចាំបាច់ត្រូវហ្វឹកហាត់ និងប្រកួតមិត្តភាពអន្តរជាតិដើម្បីសមជើងដែរ។
ប្រសិនបើកាលវិភាគនៃការប្រកួតត្រូវគ្នាទៅតាមផែនការនោះ FAT ត្រូវតែគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនឥឡូវនេះ។
ឥទ្ធិពលពីCOVID-19 បានបណ្តាលឲ្យការប្រកួតទាំងអស់នៅក្នុងប្រទេសថៃត្រូវបានបញ្ឈប់។ Thai League 1 បានផ្លាស់ប្តូរកាលវិភាគដោយផ្ដើមដំណើរការវិញពីខែកញ្ញាឆ្នាំ ២០២០ ដល់ដើមឆ្នាំ២០២១។ ការផ្លាស់ប្តូរដ៏សំខាន់នេះជះឥទ្ធិពលយ៉ាងខ្លាំងទៅលើកិច្ចព្រមព្រៀងឧបត្ថម្ភ និងការផ្សាយពាណិជ្ជកម្ម។
យោងតាមកាសែត Bangkok Post អ្នកកាន់ច្បាប់រក្សាសិទ្ធិ Thai League 1 គឺ True Vision បានបដិសេធមិនចាក់ផ្សាយការប្រកួតនោះទេបន្ទាប់ពីថ្ងៃទី ២៥ ខែតុលាដោយសារតែកិច្ចសន្យាផុតកំណត់។ ក្រុមហ៊ុនផលិតរថយន្តដែលឧបត្ថម្ភកម្មវិធី Thai League Cup ក៏ដកថយដែរ។
ភាពតានតឹងនៅក្នុងការប្រកួតក្នុងស្រុកអាចប៉ះពាល់ដល់ក្រុមថៃ។ ក្រុមជម្រើសជាតិរហស្សនាម“ ដំរីសង្រ្គាម” ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣ ដោយមាន ៨ ពិន្ទុក្នុងពូល G ពីការប្រកួត៥លើក។
វៀតណាម ស្ថិតនៅលេខមួយមាន១១ពិន្ទុ និងម៉ាឡេស៊ីមាន៨ពិន្ទុ នៅលេខពីរ។ អារ៉ាប់រួមនៅលេខ៣មាន៦ពិន្ទុ និងឥណ្ឌូនេស៊ីនៅបាតតារាងមានសូន្យពិន្ទុ៕