
បឺត ខាំ និង សេន ប៊ុនថេន៖ មានបំណងចង់ឲ្យគ្រប់សង្វៀនសហការជាមួយក្លឹបរបស់លោក
បឺត ខាំ និង សេន ប៊ុនថេន ដែលបច្ចុប្បន្ននេះកំពុងបណ្តុះបណ្តាលគុនខ្មែរជាច្រើនក្នុងក្លឹបរាជសីមានរិទ្ធនៃក្រសួងមហាផ្ទៃ ដោយគិតមកដល់ពេលនេះប្រហែលជាង៧ខែហើយដែលក្លិបក្រោមការឧបត្ថម្ភពីថៅកែចិនមួយនេះបានបើកដំណើរការ។ បើតាមសំដីរបស់លោកគ្រូ បឺត ខាំ បានប្រាប់ក្រុមការងារ MSR SPORT ឲ្យដឹងថា៖ សព្វថ្ងៃនេះលោកកំពុងបណ្តុះគុនខ្មែរបាន២០នាក់ ក្នុងនោះកីឡាករអាចឡើងប្រកួតបានពេញលេញមានចំនួនជាង១០នាក់ ក្រៅពីនោះគឺមានការពិបាកបន្តិចក្នុងការរកសង្វៀនអោយពួកគេឡើងប្រកួត។ ដូច្នេះលោកក៏បានសំណូមពរដល់ម្ចាស់សង្វៀននៅក្នុងស្រុកខ្មែរមេត្តាបើកចិត្តទទួលយកសិស្សថ្មីៗរបស់លោកឡើងប្រកួតផង ព្រោះពួកគេទាំងនេះអាចជាអ្នកស្នងគុនខ្មែរបាននៅថ្ងៃខាងមុខ ក្រោមការបង្ហាត់បង្រៀនពីលោកផ្ទាល់និង សេន ប៊ុនថេន។
លោកគ្រូ បឺត ខាំ បានប្រាប់បន្ថែមទៀតថា កន្លងមកលោកធ្លាប់ផ្ញើឈ្មោះកូនសិស្សថ្មីៗរបស់លោកតាមបណ្តាសង្វៀនមួយចំនួនដែរ តែភាគរយតិចណាស់ដែលអាចមានឈ្មោះឡើងប្រកួត នេះគឺជាបញ្ហាចម្បងតែម្តង ទោះបីជាយ៉ាងណា ក្នុងនាមលោកអ្នកអតីតអ្នកប្រដាល់ធ្លាប់មានឈ្មោះបោះសំលេងមួយរូប បូករួមជាមួយ សេន ប៊ុនថេន ផងនោះ លោកជឿថា ការខិតខំប្រឹងប្រែងបណ្តុះគុនខ្មែររបស់លោកនិងមានអ្នកទទួលស្គាល់នូវសមត្ថភាពកូនសិស្សរបស់លោកនៅថ្ងៃណាមួយជាមិនខាន។
គួរបញ្ជាក់ថា មិនមែនតែកូនសិស្សរបស់លោកគ្រូ បឺត ខាំ ម្នាក់ទេដែលជួបការលំបាកដើម្បីអោយសិស្សថ្មីឡើងប្រកួតនោះ សព្វថ្ងៃនេះនៅតាមបណ្តាក្លឹបជាច្រើនក្នុងប្រទេសកម្ពុជាក៏កំពុងជួបបញ្ហាកីឡាករថ្មីមិនងាយមានឳកាសឡើងបញ្ចេញសមត្ថភាពដូចគ្នា ហើយក៏មានក្លឹបខ្លះបានបើក និង បិទទៅវិញ ក្រោយមិនអាចរកទីផ្សារអោយកូនសិស្សឡើងប្រកួតបាន៕