មកអានកំណត់ត្រាមិនល្អមួយចំនួនរបស់ Arsenal ក្រោយចាញ់ Leicester
៥ប្រកួតជាប់ៗគ្នាហើយនៅក្របខណ្ឌ Premier League ដែល Pierre-Emerick Aubameyang មិនទាន់រកគ្រាប់បាល់បញ្ចូលទីសម្រាប់ Arsenal។
នេះជាលើកទីមួយចាប់តាំងពីឆ្នាំ២០១៤មកដែលខ្សែប្រយុទ្ធជនជាតិហ្គាបុងខាងលើមិនទាន់រកគ្រាប់បញ្ចូលទីគ្នាពីការប្រកួតជើងឯកថ្នាក់ជាតិ។ នៅរដូវកាល២០២០/២០២១នេះ អតីតខ្សែប្រយុទ្ធ Borussia Dortmund ទើបរកបានមួយគ្រាប់ប៉ុណ្ណោះនៅថ្ងៃបើកឆាកឈ្នះ Fulham ០ទល់នឹង៣។
កង្វះខាតគ្រាប់បាល់របស់ Aubameyang ក៏ជាផ្នែកមួយដែល Arsenal ទើបរកបាន៦គ្រាប់ក្នុងចំណោម៥ប្រកួតនៅ Premier League ដែលជាកំណត់ត្រាមិនល្អទីពីរនៅ២០ឆ្នាំចុងក្រោយ។ នៅរដូវកាល២០១៥/២០១៦ ក្រុមកាំភ្លើងធំមានតែ៥គ្រាប់ប៉ុណ្ណោះនៅ៦ប្រកួត។
ការចាញ់ Leicester City ០ទល់នឹង១នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ក៏ជាបរាជ័យលើកដំបូងលើដីខ្លួនឯងក្នុងឆ្នាំ២០២០។ មុននេះពួកគេមិនទាន់ចាញ់ឡើយក្នុងចំណោម១១ប្រកួតនៅ Emirates ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩។
នេះជាលើកទីមួយផងដែរចាប់ពីឆ្នាំ១៩៧៣ ដែល Leicester City ឈ្នះនៅផ្ទះ Arsenal។ ២៧ប្រកួតមុននោះ Leicester City មិនដែលឈ្នះទេ។
Arsenal បានបាត់បង់ឱកាសឡើងទៅកាន់តំណែង Top 4 សប្ដាហ៍នេះ។ ក្រុមលោក Mikel Arteta នឹងត្រូវជួបជាមួយ Dundalk ក្នុងការប្រកួត UEFA Europa League ថ្ងៃទី២៩ ខែតុលា មុនប៉ះ Manchester United នៅ Old Trafford ចុងសប្ដាហ៍៕