Mourinho និយាយពីមូលហេតុដែលនាំឱ្យ Roma ចាញ់ Bodo Glimt 6-1
(BC-99)
ការប្រកួតបាល់ទាត់ពានរង្វាន់ Conference League នៅក្នុងពូល C បានបន្សល់នូវភាពហ្មងសៅដល់ក្រុម Roma ក្រោមការគ្រប់គ្រងរបស់លោក Jose Mourinho ដែលបានភ្លាត់ស្នៀតចាញ់នៅក្នុងការប្រកួតលើកទី៣របស់ខ្លួនចំពោះក្រុម Bodo Glimt ដោយលទ្ធផល ៦-១។
ទោះបីជាបានដឹកនាំក្រុមចាញ់ដោយលទ្ធផលមិនគួរឱ្យជឿនៅក្នុងប្រទេស ណ័រវេយ៍ ក៏ដោយក៏មានអ្វីអាចមកបិទមាត់របស់គ្រូបង្វឹកសញ្ជាតិ ព័រទុយហ្គាល់ ម្នាក់នេះឱ្យប្រើប្រាស់នូវសំនួនវោហាររបស់ខ្លួនដែរ។ លោក Jose Mourinho បាននិយាយពីមូលហេតុដែលធ្វើឱ្យ Roma ចាញ់ស្ពឹកមុខ ៦-១ ថាមកពីកីឡាកររបស់ក្រុមគូប្រជែងខ្លាំងជាងក្រុមកីឡាកររបស់លោកទើបជាក្រុមរបស់លោកបានលេងចាញ់យ៉ាងដូច្នេះ។
លោកបន្តទៀតថាតាមពិតទៅក្រុមលោកស្ទើរតែរកមួយគ្រាប់មិនបានផងខណៈដែល Bodo គួរតែអាចរកបាន ៧ ឬ ៨ គ្រាប់ ហើយនេះក៏ជាកំហុសរបស់លោកដែរដែលមិនបានឱ្យក្រុមកីឡាករបានឈប់សម្រាកខ្លះបន្ទាប់ពីបានប្រកួតជាមួយ Juventus និង Napoli នៅ Serie A រួច។
លោកក៏បាននិយាយដៀមដាមទៅនឹងកាលវិភាគប្រកួតដ៏មមាញឹកនៅទ្វីបអឺរ៉ុបផងដែរដោយបានលើកឡើងថាកីឡាករបាល់ទាត់នៅអឺរ៉ុបជិតរវល់ដូចអ្នកធ្វើការនៅក្នុងការិយាល័យហើយ តែយើងមិនអាចបដិសេធការប្រកួតពានរង្វាន់ផ្សេងៗបានទេព្រោះតែវាគឺជាការដាក់កំហិត។