ប្លែកមែន ! ពានសម្តេច ហ៊ុន សែន វគ្គ៨ក្រុម៣គូសុទ្ធតែកាត់សេចក្តីដោយបាល់១១ម៉ែត្រ
ក្នុងចំណោម៤គូដែលត្រូវប្រកួតក្នុងពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៨ វគ្គ៨ ក្រុមចុងក្រោយជើងទីពីរមានការប្រកួតចំនួន៣គូត្រូវកាត់សេចក្តីដោយបាល់១១ម៉ែត្រ ដើម្បីរកបាន ក្រុមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។
ក្រុមបាល់ទាត់អង្គរថៃហ្គឺរធ្វើបានយ៉ាងល្អដោយបានវាយបកតាមស្មើក្រុមភ្នំពេញក្រោន ដែលយកឈ្នះក្រុមរបស់គេ ៣ ទល់ ០ កាលពីជើងទីមួយនៅទឹកដីខេត្តសៀមរាប ។ ការប្រកួតជើងទីពីរនេះពួកគេបានយកឈ្នះវិញដោយលទ្ធផល ៤ ទល់ ១ ដោយចំណាយពេល ប្រកួត ១២០ នាទីនាទីលាន RSN ។ សរុបលទ្ធផល ស្មើគ្នា ៤ទល់៤ ដូចច្នេះត្រូវកាត់សេចក្តី ដោយបាល់ ១១ ម៉ែត្រ ហើយពួកគេក៏បានឡើយទៅវគ្គបន្តដោយឈ្នះ ៤ ទល់ ៣ ។
ចំណែក បឹងកេត ក៏មិនធម្មតាដែរដោយវាយបកស្មើណាហ្គាវើល ហើយឈានដល់ការ កាត់សេចក្តីបាល់១១ម៉ែត្រដូចគ្នា ក្នុងនោះជើងទីមួយ ណាហ្គាវើល ឈ្នះ ២ ទល់ ០ ខណៈ ជើងទីពីរនៅកីឡដ្ឋានអូឡាំពិក បឹងកេត ឈ្នះ ៣ ទល់ ១ ស្របពេល ណាហ្គាវើល ធ្វើល្អ ឡើងវិញដោយអាចឈ្នះបាល់១១ម៉ែត្រ ៣ ទល់ ២ ។
ក្រុមក្រសួងការពារអាចទៅទម្លាក់ក្រុមការពារតំណែងជើងឯកដល់ខេត្តស្វាយវៀង ទោះបី ពួកចាញ់ក្នុងទឹកដីខ្លួនឯងកាលពីជើងទីមួយ ២ ទល់ ១ យ៉ាងណាក្តី ក្រុមទាំងពីរក៏មិនខុស ពីពីរគូខាងលើដែរដោយត្រូវទាត់បាល់ប៉េណាំទី បន្ទាប់ក្រុមទ័ពឈ្នះ ២ ទល់ ១ សម្រាប់ ការប្រកួត ១២០ នាទី ហើយពួកគេបន្តឈ្នះបាល់១១ម៉ែត្រ ៥ ទល់ ៤ ជាបន្តទៀត ។
ក្រុមដែលមិនសូវពិបាកគឺ អគ្គស្នងការនរគបាលជាតិ បន្ទាប់ពីឈ្នះក្រុមសាលាបាល់ទាត់ បាទី ៦ ទល់ ១ នៅបាទី ។ សូមបញ្ជាក់ថា ៖ បួនក្រុមដែលឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមាន អង្គរថៃហ្គឺរ , ណាហ្គាវើល , ក្រសួងការពារជាតិ និង អគ្គស្នងការនរគបាលជាតិ ហើយពូកគេនឹងត្រូវចាប់ឆ្នោតដើម្បីប៉ះគ្នាជាបន្តទៀត ៕ រូបភាព៖ HUN SEN CUP