
វង្ស ណយ ថាអ្នកគាំទ្រភាគច្រើនចង់ឃើញខ្ញុំប៉ះ រឿង សោភ័ណ្ឌ
ការប្រកួតម៉ារ៉ាតុនដណ្តើមប្រាក់លានគោជល់នៅថ្ងៃ សៅរ៍ ទី ១៤ នេះអ្នកលេងគុនខ្មែរពីររូបនឹងត្រូវ តតាំងជាមួយកីឡាករបរទេសពីររូបលើប្រភេទទម្ងន់៦៩គីឡូក្រាមនាសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ ចាប់ពីម៉ោង ៦ល្ងាចតទៅ ។ សមាសភាពគុនខ្មែរមានអ្នកលេងកែង វង្ស ណយ និង អ្នកលេងកណ្តាប់ដៃ រឿង សោភ័ណ្ឌ ខណៈ ខាងថៃមាន ហ្វៃប៉ា ប៉េឡេបុរីរ៉ាំ និង កងមឿងឆាង ។

រឿង សោភ័ណ្ឌ និង ហ្វៃប៉ា
មុនដល់ការប្រកួតកូននាគ វង្ស ណយ បញ្ជាក់ថា ៖ បើសិនអាចឆ្លងផុតជុំទីមួយ វគ្គផ្តាច់ព្រ័ត្រ ប៉ះកីឡាកររូបណាក៏បានដែរ ប៉ុន្តែខ្ញុំជឿថាអ្នកគាំទ្រភាគច្រើនឃើញខ្ញុំប៉ះជាមួយ រឿង សោភ័ណ្ឌ ហើយសម្រាប់ខ្ញុំស្វាគមន៍ទាំងអស់ ។ អ្នកប្រដាល់ដើមកំណើតខេត្តប៉ៃលិន បន្ថែមកំពុងហ្វឹកហាត់ត្រៀមបានល្អ ហើយមានជំនឿចិត្ត ៧០ ភាគរយ ថានឹងធ្វើបានល្អ ។
វង្ស ណយ និង រឿង សោភ័ណ្ឌ អាចជួបគ្នាបានលុះត្រាតែពួកគេឈ្នះនៅជុំទីមួយដូចគ្នា ខណៈពីមុន អ្នកលេងគុនខ្មែរទាំងពីរនាក់នេះមិនដែលប៉ះនោះឡើយ ហើយបច្ចុប្បន្នជើងខ្លាំងទាំងពីរកំពុងល្អ ដូចគ្នា ។ សម្រាប់ជុំទីមួយដែលមាន៣ទឹក ម្ចាស់ខ្សែក្រវាត់៩គ្រឿង រឿង សោភ័ណ្ឌ ត្រូវជួប កងមឿងឆាង ចំណែក វង្ស ណយ វិញជួប ហ្វៃប៉ា ប៉េឡេបុរីរ៉ាំ ដែលធ្លាប់ចាញ់ រឿង សោភ័ណ្ឌ និងឈ្នះ អ៊ុំ ចំរើន ។ អ្នកដែលប្រកួតឈ្នះជុំទីមួយនឹងត្រូវជួបគ្នាក្នុងថ្ងៃដដែលដណ្តើមប្រាក់៤លានរៀងតែម្តង ខណៈកាលពីសប្តាហ៍មុនអ្នកឈ្នះបានទៅលើ ឡៅ ចិត្រា ក្រោយឈ្នះ សួន ចាន់នី ៕

កងមឿងឆាង