Chelsea សុខចិត្តជះលុយ ១១៦លានដុល្លារ យក Kepa មកជំនួស T.Courtois
Kepa Arrizabalaga អ្នកចាំទីវ័យក្មេងសញ្ជាតិអេស្ប៉ាញ បានបំបែកកំណត់ត្រា ជាអ្នកចាំទី ដែលមានតម្លៃខ្លួនខ្ពស់បំផុត បន្ទាប់ពីបានចុះកុងត្រារយៈពេល ៧ឆ្នាំ លេងនៅ Stamford Bridge ជំនួស Thibaut Courtois ដែលសម្រេចចាកចេញទៅលេងនៅ Real Madrid។
កិច្ចព្រមព្រៀងនោះ មានតម្លៃទឹកប្រាក់ ៦៧លានផោន ឬ ស្មើនឹងប្រមាណ ១១៦លាន ដែលខ្ពស់ជាងអ្នកចាំទី Alisson ដែល Liverpool ទើបចុះកុងត្រាក្នុងតម្លៃ ៦៥លានផោន កាលពីពេលថ្មីនេះ។
ការចុះកុងត្រាយកអ្នកចាំទីថ្មីមកជំនួសនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពី Courtois ត្រូវបានក្លឹប Real Madrid ប្រកាសជាផ្លូវការថា បានសម្រេចចុះកុងត្រាលេងនៅ Bernabeu ក្នុងកិច្ចព្រមព្រៀងរយៈពេល ៦ឆ្នាំ តាមសំណើរ «កិច្ចព្រៀមព្រៀងផ្ទាល់ខ្លួន និងធ្វើតេស្តសុខភាពដោយជោគជ័យ»។
កិច្ចព្រមព្រៀងនោះ ក៏មានការដោះដូរគ្នាយកកីឡាករក្រូអាស៊ី Mateo Kovacic មកលេងខ្ចីជើងនៅ Chelsea ពេលមួយរដូវកាលផងដែរ៕