ហ្វេនក្លិបនៅបារាំងដែលព្រះអង្គម្ចាស់រ៉ាវីចក្រចង់ទិញនោះ បានបង្ករឿងឈឺក្បាលទៀតហើយ
ការប្រកួតរវាងក្រុមម្ចាស់ផ្ទះ Saint-Etienne និង Angers នៃក្របខណ្ឌកំពូលបារាំង ឬ French Ligue 1 នៅថ្ងៃសុក្រ ទី២២ ខែតុលា ត្រូវបានពន្យារពេលមួយសន្ទុះធំដែរ មុនឈានទៅដំណើរការវិញរហូតដល់បញ្ចប់ដោយលទ្ធផលស្មើគ្នា ២ទល់នឹង២។
មូលហេតុដោយសារអ្នកគាំទ្រក្រុម Saint-Etienne បាននាំគ្នាគប់កាំជ្រួចពេញទីតារាង ហុយផ្សែងពេញហ្នឹង អ៊ីចឹងហើយទើបគណៈកម្មការសម្រេចពន្យារពេលចាប់ផ្ដើមការប្រកួត។
បើតាមដឹងមក គឺពួកអ្នកគាំទ្រទាំងនោះមិនសប្បាយចិត្តចំពោះលទ្ធផល ហើយចង់ឲ្យគ្រូបង្គោល លោក Claude Puel លាឈប់។ យ៉ាងណា អតីតអ្នកចាត់ការ Leicester City ទទូចថា មិនខ្វល់ពីសម្ពាធអ្វីទេ ហើយលោកផ្ដោតតែលើការរៀបចំក្រុម និងចង់ឈ្នះប៉ុណ្ណោះ។
នេះមិនមែនជាលើកទី១ទេដែលអ្នកគាំទ្រ Saint-Etienne ដែលជាក្រុមកំពុងស្ថិតនៅបាតតារាង បង្ករឿងបែបនេះ។
ដោយសារតែបែបនេះហើយទើបសារព័ត៌មានបារាំង LE’QUIPE បានរាយការណ៍ថា ព្រះអង្គម្ចាស់រ៉ាវីចក្រដែលមានគម្រោងទិញក្លិប Saint-Etienne ក្នុងតម្លៃ១០០លានអឺរ៉ូនោះ បានដកព្រះទ័យវិញ។ ប្រភពពីបារាំងសង្កត់ធ្ងន់ថា ការប្រើប្រាស់អំពើហិង្សាពីសំណាក់អ្នកគាំទ្រក្លិប Saint-Étienne និងលទ្ធផលមិនល្អពីការប្រកួត ធ្វើឲ្យព្រះអង្គផ្លាស់ប្ដូរព្រះទ័យ៕