
វិសាខាធ្វើបានល្អក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅប្រទេសថៃ
ក្លឹបចាយលុយធំនៅលីគកំពូលកម្ពុជា វិសាខា បានធ្វើដំណើរទៅប្រទេសថៃ ដើម្បីប្រកួតដកស្រង់បច្ចេកទេស និងកសាងមិត្តភាពជាមួយក្លឹបនៅប្រទេសអាស៊ានជាច្រើន ហើយក៍ដើម្បីពិនិត្យស្វែងយល់ ពីសមត្ថភាពរបស់កីឡាករនិមួយៗក្នុងក្លឹប ងាយស្រួលរៀបចំទម្រង់លេង ក្នុងការប្រកួតជាផ្លូវការ។
ជាក់ស្តែង វិសាខា ធ្វើបានល្អមែនទែនក្នុងការប្រកួតមិត្តភាពនេះ ដោយដំបូងយកឈ្នះក្លឹបជើងខ្លាំងម៉ាឡេស៊ី ដែលជាអតីតក្លឹបរបស់ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ចាន់វឌ្ឍនាកា Pahang FA ដោយលទ្ធផល 3-1 នេះជាដំណឹងដល់ល្អសម្រាប់ប្រជាជនខ្មែរ ដែល វិសាខា អាចយកឈ្នះក្លឹបលំដាប់កំពូលម៉ាឡេស៊ីនេះ ប៉ុន្តែយើងឃើញថាក្លឹបទាំងពីរ ដាក់កីឡាករសំខាន់ៗចូលលេងរៀងៗខ្លួន ទោះបីជាការប្រកួតនេះគ្រាន់តែប្រកួតមិត្តភាពក៍ដោយ ។
លទ្ធផលនេះធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំង ព្រោះបើយើងសង្កេតមើលពីអាយុកាលក្លឹប ការចំណាយការទិញយកកីឡាករល្អៗក្នុងតម្លៃខ្ពស់ គឺគេ( Pahang )ចំណាយច្រើនជាងយើងទៅទៀត ប៉ុន្តែការចំណាយធំនេះ ក៍បានចំណូលមិនស្ទើរដែរ ព្រោះបាល់ទាត់ប្រទេសគេ ដើរមុនយើងមួយកម្រិត ហើយមាន ក្រុមហ៊ុនឧបត្ថម្ភច្រើន។ ដូច្នេះលទ្ធផលនេះ ពិតជាពេញចិត្ត ពេញថ្លើមអ្នកគាំទ្រមែនទែន ដែល វិសាខា អាចបំបាក់ក្លឹបលំដាប់កំពូលជួរមុខរបស់ម៉ាឡេស៊ីបាន។ ហើយពេលថ្មីៗនេះ ក្នុងការប្រកួតមិត្តភាពទី2 វិសាខា បន្តឈ្នះលើក្រុមលីគលំដាប់ទី4ថៃ ពោលគឺក្លឹប RSU FC របស់ថៃ ក្នុងលទ្ធផល 4-0 ផងដែរ។