សមាសភាពក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប្រកាសនៅថ្ងៃទី៣ ខែកញ្ញាខាងមុខ ក្រោមការដឹកនាំរបស់អ្នកចាត់ការ Honda
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងចាប់ផ្ដើមប្រមូលផ្ដុំនៅថ្ងៃទី៣ខែកញ្ញាខាងមុខ ដោយត្រូវត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី។
តាមប្រភពពីខាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមជម្រើសជាតិនឹងត្រូវប្រកាសឈ្មោះនៅថ្ងៃទី៣ខែកញ្ញាខាងមុខនេះក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Keisuke Honda ដោយមានលោក Felix Agustin Gonzalez Dalmas ដែលត្រូវបានគេដឹងថាជាគ្រូបង្វឹកថ្មីរបស់ជម្រើសជាតិកម្ពុជា។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចេញសេចក្ដីប្រកាស គ្រោងលក់សំបុត្រចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ រហូតដល់ថ្ងៃប្រកួតមិត្តភាពអន្តរជាតិរវាងកម្ពុជា និងម៉ាឡេស៊ី ដោយចាប់លក់ចាប់ពីម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ៥:០០ នាទីល្ងាចទីតាំងលក់នៅមុខច្រកចូលស្តាតអូឡាំពិក។
តម្លៃគ្នុងការលក់សំបុត្រគឺ១ម៉ឺនរៀល (កន្លែងមានដំបូល) និង ៥ពាន់រៀល (កន្លែងគ្មានដំបូល)។ សម្រាប់ជំនួបរវាងក្រុមទាំងពីរ នឹងធ្វើឡើងវេលាម៉ោង ៦:៣០ នាទីល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ៕