
Thierry Henry ព្រមទទួលដឹកនាំក្លឹប Bordeaux
វីរបុរសរបស់ក្រុមកាំភ្លើងធំ Arsenal និងជាអតីតកីឡាករក្លឹប Barcelona ផង លោក Thierry Henry កំពុងតែចរចាជាមួយក្លឹប Bordeaux ដើម្បីទទួលតំណែងជាអ្នកចាត់ការទូទៅ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបារាំង នៅយប់ថ្ងៃពុធនេះ។
ក្លឹប Bordeaux នៅក្របខណ្ឌកំពូលបារាំង Ligue 1 បានផ្អាកលោក Gus Poyet ពីតួនាទីជាអ្នកចាត់ការទូទៅ ដោយសារក្លឹបរិះគន់ថា គាត់បានធ្វើការដោះដូរកីឡាករដោយគ្មានការពិចារណា។ ហើយលោក Henry បានចាប់អារម្មណ៍តួនាទីនេះ បន្ទាប់ពីបានពិភាក្សាជាមួយអតីតគ្រូបង្វឹកចាស់វស្សារបស់គាត់ គឺលោក Arsene Wenger។
សូមជម្រាបជូនថា លោក Henry អតីតកីឡាករជម្រើសជាតិបារាំង បានចាកចេញពីមុខងារជាអ្នកវិភាគបាល់ទាត់នៅទូរទស្សន៍ Sky Sports កាលពីដើមរដូវក្តៅនេះ ដោយលោកបញ្ជាក់ថាចង់ពង្រឹងអាជីពជាគ្រូបង្វឹកវិញ។ ហើយបច្ចុប្បន្ន លោកក៏កំពុងតែជាជំនួយការគ្រូបង្វឹករបស់លោក Roberto Martinez ដែលគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិក តាំងពីឆ្នាំ ២០១៦មក។ លោក Henry ក៏ជាមនុស្សម្នាក់ ដែលបានជួយឲ្យបែលហ្ស៊ិក ទទួលបានលេខ ៣ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup នៅប្រទេសរុស្ស៊ីផងដែរ៕