ផ្លូវការ ! Lee Tae Hoon ជាអ្នកចាត់ការថ្មីក្លិប Tiffy Army
លោក Lee Tae Hoon ត្រូវបានក្លិបបាល់ទាត់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC ប្រកាសជាផ្លូវការ ជាអ្នកចាត់ការក្រុមថ្មី របស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC ក្នុងសន្និតសិទសារព័ត៌មាននេះធ្វើឡើងព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នៅសាលសន្និសិទក្នុងសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ។
អតីតគ្រូបង្វឹកជម្រើសជាតិបាល់ទាត់កម្ពុជាជនជាតិកូរ៉េ រូបនេះនឹងចូលដឹកនាំក្លិប ទ័ព ជំនួសលោក ហោ សុខហេង ដែលបានដឹកនាំក្លិបបណ្តោះអាសន្ន កន្លងមក ។ លោក Lee នឹងត្រូវដឹកនាំក្លិបសម្រាប់ការប្រកួតពានរង្វាន់ League Cup ដែល CNCC ទើបរៀបចំនិងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ផងដែរ ។
លោក Lee Tae Hoon អតីតគ្រូបង្វឹកក្រុមឈុតធំជម្រើសជាតិកម្ពុជា បានប្រកាសផុតកិច្ចសន្យាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានធ្វើការឲ្យសហព័ន្ធអស់រយៈពេល ៧ឆ្នាំ កាលពីឆ្នាំ២០១៨។
លោកបានចូលដឹកនាំក្រុមជម្រើសជាតិកម្ពុជា កាលពីចុងឆ្នាំ២០១០ តែរាល់ពេលក្រុមជម្រើសជាតិ ត្រូវបានផ្លាស់ប្ដូរគ្រូបង្វឹកថ្មី លោកមិនត្រូវបានផ្ដាច់ការងារពីសហព័ន្ធនោះទេ ជាក់ស្ដែងនៅដើមឆ្នាំ២០១៧ ក្រោយលោក Leonardo Vitorino ចូលមកដឹកនាំក្រុមគោព្រៃ សហព័ន្ធបានចាត់តាំងលោក Lee ឲ្យដឹកនាំក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៥ឆ្នាំ ផងដែរ ។
សូមបញ្ជាក់ថា មុនវិលមកកម្ពុជាវិញ លោក Lee Tae Hoon លោកបានទៅដឹកនាំ និងធ្វើ ជានាយកបច្ចេកទេស របស់ក្លឹប Hoang Anh Gia Lai (HAGL) នៃលីគកំពូលវៀតណាម ៕