អង្គការអន្តរជាតិធំៗទទូច Beckham ឈប់ធ្វើការជាមួយកាតារ ព្រោះរឿងរំលោភសិទ្ធិកម្មករ
David Beckham កំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើងដើម្បីផ្លាស់ប្តូរការសម្រេចចិត្តរបស់លោកក្នុងនាមជាអ្នកតំណាងកាតាសម្រាប់យុទ្ធនាការផ្សព្វផ្សាយ FIFA World Cup 2022។
គេចាំបានថា អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសបានចុះកិច្ចសន្យាតម្លៃរយលានដុល្លារអាមេរិកដើម្បីផ្សព្វផ្សាយពីកាតារអំឡុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំក្រោយដែលប្រទេសនេះធ្វើជាម្ចាស់ផ្ទះ។
របាយការណ៍ពីអង្គការលើកលែងទោសអន្តរជាតិ ឬ Amnesty International បានបង្ហាញថា ការទទួលខុសត្រូវលើពលករចំណាកស្រុកមកកាន់ប្រទេសកាតារពិតជាយ៉ាប់យ៉ឺន។ ក្នុងដំណើរការសាងសង់កីឡដ្ឋានត្រៀមទទួល World Cup កម្មករទទួលបានប្រាក់ឈ្នួលតិច ហើយបើតាម Daily Mail ធ្វើការដល់ទៅ១១ម៉ោងបានតែ១២ផោន ឬស្មើ១៥ដុល្លារអាមេរិកប៉ុណ្ណោះ។ កម្មករខ្លះក៏បានបាត់បង់ជីវិតថែមទៀត។
ប្រភពពីមន្ត្រីជាន់ខ្ពស់អង្គការ UNICEF ដែលជាផ្នែកសំខាន់នៃការងារសប្បុរសធម៌របស់ Beckham បានបង្ហាញភាពខកចិត្តចំពោះ Beckham។ Amnesty International បាននិយាយថា លោកគួរតែប្រើតួនាទីរបស់លោកដើម្បី រក្សាការយកចិត្តទុកដាក់របស់ពិភពលោកលើបញ្ហាសិទ្ធិមនុស្សជុំវិញការប្រកួតនៅ World Cup ឆ្នាំក្រោយ។
អង្គការនេះបាននិយាយថា David Beckham គឺជាបុគ្គលម្នាក់ដែលអាចបង្ហាញពីបញ្ហាសិទ្ធិមនុស្សនៅកាតារ។
បើតាម Daily Mail នាយកប្រតិបត្តិនៃអង្គការលើកលែងទោសចក្រភពអង់គ្លេស លោក Sacha Deshmukh បានជំរុញកីឡាករ និងគ្រូបង្វឹកបច្ចុប្បន្នរបស់អង់គ្លេសនិយាយលើកឡើងពីបញ្ហានេះ។ លោក Deshmukh បាននិយាយថា “៖FA គឺជាផ្នែកមួយនៃក្រុមការងារ UEFA ស្តីពីសិទ្ធិកម្មករក្នុងប្រទេសកាតារ ហើយអាចដាក់សម្ពាធលើអាជ្ញាធរក្រុង Doha លើការពង្រឹងការការពារពលករចំណាកស្រុក ការស៊ើបអង្កេតការស្លាប់របស់កម្មករ និងជួយរៀបចំការប្រកួត។”
អ្នកនាំពាក្យរបស់ FA បាននិយាយថា “៖ យើងជឿថាមានភស្តុតាងនៃវឌ្ឍនភាពជាច្រើនដែលធ្វើឡើងដោយកាតា ទាក់ទងនឹងសិទ្ធិរបស់កម្មករ ប៉ុន្តែយើងទទួលស្គាល់ថា នៅមានច្រើនទៀតដែលត្រូវធ្វើ។”
ដោយឡែក Daily Mail បញ្ជាក់ថា រដ្ឋាភិបាលកាតាមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។