Copa America នឹងធ្វើឡើងនៅប្រេស៊ីលជំនួសអាហ្សង់ទីន
ព្រឹត្តិការណ៍ Copa America នឹងប្រព្រឹត្តទៅលើទឹកដីប្រេស៊ីល ក្រោយការផ្លាស់ប្ដូរសិទ្ធិធ្វើម្ចាស់ផ្ទះពីអាហ្សង់ទីន ត្រឹម២សប្ដាហ៍មុនការប្រកួតចាប់ផ្ដើម។
សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) និយាយថា ការដកសិទ្ធិពីអាហ្សង់ទីន ធ្វើឡើងដោយផ្អែកលើស្ថានភាពជាក់ស្ដែង។
ប្រទេសនេះកំពុងជួបបញ្ហាកូវីដ១៩។ CONMEBOL បញ្ជាក់ថា ប្រេស៊ីលនឹងទទួលបន្ទុកជំនួសសម្រាប់ព្រឹត្តិការណ៍ដែលចាប់ផ្ដើមពីថ្ងៃទី១៣ ខែមិថុនា តែមិនទាន់ប្រកាសពីកីឡដ្ឋាននៅឡើយទេ។
មានការតវាខ្លាំងក្នុងប្រទេសអាហ្សង់ទីនដែលកំពុងរាលដាលដោយជំងឺកូវីដ១៩។ គេទាមទារឲ្យមានការយកចិត្តទុកដាក់លើបញ្ហាសុខមាលភាពជាងចំណាយលុយទៅរៀបចំការប្រកួត។
កាលថ្ងៃទី២២ ខែឧសភា អាហ្សង់ទីនបានបិទប្រទេស៩ថ្ងៃ ក្រោយមានករណីឆ្លងថ្មី៣៥០០០ប្រចាំថ្ងៃ។ បើនៅប្រេស៊ីលឯណោះក៏មិនស្រួលដែរ ដោយសារមានអ្នកស្លាប់៤៦ម៉ឺននាក់ទៅហើយ៕