Romelu Lukaku ទំនងជានៅ Chelsea បន្តទៀត ក្រោយដោះស្រាយបញ្ហាជាមួយគ្រូបង្វឹករួចរាល់
ខ្សែប្រយុទ្ធ Romelu Lukaku ទំនងជាស្នាក់នៅ Chelsea ជាបន្តទៀត ក្រោយពីបានធ្វើការដោះស្រាយបញ្ហាជាមួយគ្រូបង្វឹក Thomas Tuchel រួចរាល់នៅថ្ងៃនេះ តាមរយៈការជួបគ្នាតទល់១ទល់នឹង១។
កីឡាករសញ្ជាតិប៊ែលហ្ស៊ិកត្រូវបានលោក Thomas Tuchel ដកឈ្មោះមិនឱ្យចូលលេងក្នុងជំនួបជាមួយក្រុមហង្សក្រហម Liverpool កាលពីពេលថ្មីៗនេះ ក្រោយពេលបាននិយាយនៅក្នុងកិច្ចសម្ភាន៍មួយថា រូបគេមិនពេញចិត្តនឹងទម្រង់លេងរបស់គ្រូបង្វឹក ហើយថែមទាំងបង្ហើបអំពីការចង់ចាកចេញទៅកាន់ Inter Milan វិញថែមទៀតផង។
យ៉ាងណាក្តីរឿងរ៉ាវដ៏ក្តៅៗគគុកនៅទីក្រុងឡុងដ៍ត្រូវបានដោះស្រាយដោយទទួលបានលទ្ធផលល្អ ក្រោយពេលលោក Thomas Tuchel បានជួបពិភាក្សាផ្ទាល់មាត់ជាមួយ Romelu Lukaku ដើម្បីស្វែងរកចំនុចវិជ្ជមានសម្រាប់ភាគីទាំង២។
គួរឱ្យដឹងថា អតីតសមាជិក Chelsea, Everton, Man United និង Inter Milan ខាងលើនេះនឹងអាចបង្ហាញខ្លួនក្នុងជំនួបទល់នឹង Tottenham Hotspurs ក្រោយពីរូបគេត្រូវបានអនុញ្ញាតឱ្យចូលហ្វឹកហាត់ជាមួយមិត្តរួមក្រុមឡើងវិញនៅថ្ងៃនេះ។