Leonardo ៖ អ្នកគាំទ្រកម្ពុជាគួរឈប់ហៅកីឡាករជម្រើសជាតិថា Idol ៗ
អតីតគ្រូបង្វឹកជម្រើសជាតិបាល់ទាត់កម្ពុជាលោក Leonardo Vitorino បានថ្លែងថា អ្នកគាំទ្រ កម្ពុជាគួរបញ្ឈប់ការហៅកីឡាករដែលខ្លួនពេញចិត្តថាជា idol ព្រោះវាមិនមែនជារឿងល្អសម្រាប់កីឡាករផ្ទាល់ទេ ក្រោយពេលចាញ់ការប្រកួត។
ក្រោយវិលមកទឹកដីកម្ពុជាម្តងទៀតដោយទទួលបានតួនាទីជាគ្រូបង្គោលក្លិប ភ្នំពេញក្រោន បុរសប្រេស៊ីស បាននិយាយទាក់ទងទៅក្រុមជម្រើសជាតិគោព្រៃថា កីឡាករត្រូវការសម្ពាធ និងការខិតខំប្រឹងប្រែងជាជាងការសូមទោសចំពោះអ្នកគាំទ្រនៅពេលដែលពួកគេចាញ់ ពោលគឺពេលចាញ់មិនគួរបង្ហាញអារម្មណ៍ទន់ជ្រាយ ឬសូមទោសនោះឡើយ ជាពិសេសនៅលើបណ្តាញសង្គម ហើយអ្នកគាំទ្រចូលទៅសរសេរ Idol ៗ ទៀតនោះទេ ។
លោកបន្ថែមថា នៅប្រេស៊ីល រឺ ម៉ាឡេស៊ី រួមទាំង ឥណ្ឌូនេស៊ី កីឡាកររបស់គេពេលចាញ់ គ្មាននរណាបង្ហាញអារម្មណ៍ទន់ជ្រាយ ឬសូមទោសនៅលើបណ្តាញសង្គមនោះទេ ព្រោះពួកទទួលស្គាល់ចំនុចខ្វះខាត និងការតាំងចិត្តសម្រាប់ពេលខាងមុខជំនួសវិញ ព្រោះអ្នកគាំទ្រ មិនទទួលពាក្យសូមទោសនោះទេ ព្រោះពួកគេត្រូវការឈ្នះ ។
សូមបញ្ជាក់ថា លោក Leonardo Vitorino ធ្លាប់ដឹកនាំក្រុមជម្រើសជាតិកម្ពុជា នៅចុងឆ្នាំ ២០១៧ ដោយក្នុងចំណោម ៧ ប្រកួតលោកដឹកនាំអោយគោព្រៃឈ្នះ១លើក្រុម អាហ្គានីស្ថាន និងចាញ់ ៦ ប្រកួត ហើយត្រូវបានសហព័ន្ធបញ្ចប់តួនាទីមុនកំណត់តែម្តង ៕