
Luis Suarez ស៊ុតគ្រាប់ជ័យជម្នះឲ្យ Barcelona ទម្លាក់ Espanyol ពី La Liga
Barcelona បានបន្តក្ដីសង្ឃឹមក្នុងការប្រជែងជើងឯក La Liga ជាមួយនឹងជ័យជម្នះ១ទល់នឹង០លើ Espanyol ជំនួបសប្ដាហ៍ទី៣៥ នៅថ្ងៃពុធ ទី០៨ ខែកក្កដា នាកីឡដ្ឋាន Camp Nou។
ក្រុមទាំងពីរមានកូនក្រុមម្នាក់មួយទទួលបានកាតក្រហម ក្រោយពិនិត្យលើវីដេអូជំនួយ (VAR)។
Ansu Fati របស់ក្រុមអ្នកមានបុណ្យត្រូវបានបណ្ដេញចេញដោយសារបង្កកំហុសលើ Fernando Calero មុន Pol Lozanno ទទួលបានកាតក្រហមពីបទប្រជែងលក្ខណៈគ្រោះថ្នាក់។
នៅនាទី៥៦ Luis Suarez បានទះផ្លាកមួយជើងបញ្ចូលទីដែលជាគ្រាប់ជ័យជម្នះមួយគត់ និងមានន័យថា ពួកគេបន្ថយគម្លាតពីក្រុមកំពូលតារាង Real Madrid មកត្រឹមមួយពិន្ទុ។ យ៉ាងណា Real អាចនាំមុខ៤ពិន្ទុសាជាថ្មី ប្រសិនបើឈ្នះ Alaves នៅថ្ងៃសុក្រ ទី១០ កក្កដា។
គ្រាប់បាល់របស់ Suarez នេះដែរក៏ធ្វើឲ្យគេក្លាយជាកីឡាករ Barca ទី៣ដែលរកគ្រាប់បាល់សរុបច្រើនបំផុតសម្រាប់ក្លិប ដោយមាន១៩៥គ្រាប់។
Lionel Messi មាន៦៣០គ្រាប់ឈរលេខមួយ និង Cesar Rodriguez រកបាន២៣២គ្រាប់។
ជាមួយគ្នានេះជ័យជម្នះរបស់ Barcelona ធ្វើឲ្យក្រុមរួមក្រុង គឺ Espanyol ផុតដង្ហើមនៅក្របខណ្ឌ La Liga។
ពួកគេបច្ចុប្បន្ននៅបាតតារាងមានតែ២៤ពិន្ទុ តិចជាងទីតាំងសុវត្ថិភាពដល់ទៅ១១ពិន្ទុ ខណៈការប្រកួតសល់ត្រឹម៣លើកទៀត៕