Conte ឈ្នះប្រកួតដំបូងនៅ Spurs ខណៈកីឡាករ៣នាក់បានកាតក្រហម
ប្រកួតដំបូងរបស់លោក Antonio Conte ក្នុងនាមជាអ្នកចាត់ការថ្មី Tottenham Hotspur ទទួលបានជ័យជម្នះលើក្រុមហូឡង់ Vitesse ដោយលទ្ធផល ៣ទល់នឹង២ ក្នុងការប្រកួតពូល G ពានរង្វាន់ Europa Conference League។
ក្រុមមាន់ខ្នាយមាសបានរកគ្រាប់បាល់បញ្ចូលទី៣គ្រាប់មុន។ Heung min-son បានទាត់បញ្ចូលទីមួយគ្រាប់ក្នុងនាទី១៥ ហើយនាទី២២ Lucas Moura ទាត់បញ្ចូលទីថែមមួយគ្រាប់ទៀត។
ដល់នាទី២៨ Spurs បង្កើនការនាំមុខ ៣ទល់នឹង០ បន្ទាប់ពីកីឡាករ Jacob Rasmussen របស់ Vitesse ភ្លាត់ឲ្យបាល់ចូលទីខ្លួនឯង។ យ៉ាងណា ខ្សែការពាររូបនេះបានតែតបញ្ចូលទីវិញក្នុងនាទី៣២។
ក្រុមមកពីហូឡង់បានមួយគ្រាប់មកវិញទៀតក្នុងនាទី៣៩ ដោយខ្សែបម្រើ Matus Bero។
ក្នុងវគ្គទី២ ពុំមានគ្រាប់បាល់កើតឡើងទៀតទេ ប៉ុន្តែមានកីឡាករដល់ទៅ៣រូបទទួលបានកាតក្រហម។ ជាក់ស្ដែង ក្នុងនាទី៥៩ ខ្សែការពារ Christian Romero បានកាតលឿងជាលើកទី២ បន្ទាប់ពីចាប់ទាញកីឡាកររបស់ Vitesse។
នាទី៨១ ខ្សែការពារ Danilho Doekhi របស់ Vitesse ទទួលបានកាតលឿងជាលើកទី២ដូចគ្នា បន្ទាប់ពីចាប់ទាញ Harry Kane។ ៤នាទីក្រោយមកអ្នកចាំទី Vitesse បានកាតក្រហម បន្ទាប់ពីចេញផុតខ្សែរបស់ខ្លួន រារាំងបាល់របស់ Spurs តាមរយៈការបែរខ្នង យកដៃបាំង។
សរុបពិន្ទុ Tottenham នៅលេខ២ មាន៧ពិន្ទុពីការប្រកួត៤លើក ក្រោមក្រុមបារាំង Rennes ៣ពិន្ទុ និងលើក្រុមលេខ៣ Vitesse ១ពិន្ទុ៕
នេះជាវីដេអូកាតក្រហមរបស់អ្នកចាំទី Vitesse ៖