Man City បង្កើតបានរឿងរ៉ាវពិសេសៗក្នុងជ័យជម្នះ៥-០លើ Newcastle
ក្រោយជ័យជម្នះ៥ទល់នឹង០លើ Newcastle United នៅថ្ងៃពុធ ទី០៨ ខែកក្កដា Manchester City មានកីឡាករម្នាក់ទៀតដែលបំប៉ោងសំណាញ់ទីចាប់ពី១០គ្រាប់ឡើងនៅរដូវកាល២០១៩/២០២០នៃក្របខណ្ឌ Premier League។
Riyad Mahrez ដែលទាត់ចូលគ្រាប់ទីពីរ នៅនាទី២១ ក្លាយជាកីឡាករទី៥របស់ Man City ដែលរកបានគ្រាប់ទី១០គ្រាប់នៅរដូវកាលនេះ ខណៈ៤នាក់ទៀត គឺ Gabriel Jesus (១១គ្រាប់), Kevin De Bruyne (១១គ្រាប់), Raheem Sterling (១៣គ្រាប់) និង Sergio Aguero (១៦គ្រាប់)។
យោងតាមសារព័ត៌មាន Goal គឺ Manchester City ជាក្លិបដំបូងនៅសម័យ Premier League ដែលមានកីឡាករដល់ទៅ៥រូបអាចរកបានចាប់ពី១០គ្រាប់ឡើងក្នុងមួយរដូវកាល។
ក្នុងជ័យជម្នះលើក្រុមសារិកាព្រៃ៥ទល់នឹង០ដដែលនេះ David Silva ទាត់ហ្វ្រីឃីកចូលទីមួយគ្រាប់ និងបញ្ជូនមិត្តរួមក្រុមទាត់បញ្ចូលទីពីរដង។ មានន័យថា ១០ឆ្នាំចុងក្រោយនេះ គេធ្វើបានការបញ្ជូនជោគជ័យច្រើនជាង១០លើកក្នុងរដូវកាលនីមួយៗ។
អតីតសមាជិកក្លិប Valencia រួមចំណែក១៥០គ្រាប់នៅ Premier League ដែលក្នុងនោះមាន៩១លើកជាការបញ្ជូន។
ការគ្រប់គ្រងរបស់ Man City លើ Newcastle ក៏មានស្ថិតិអស្ចារ្យក្នុងការបញ្ជូនទៅវិញទៅមកដែរ ដោយមាន៨៤០លើក និងត្រូវគ្នាដល់ទៅ៩៣,៧ភាគរយ។
ក្រោយការប្រកួត អ្នកចាត់ការក្រុមមេឃខៀវ លោក Pep Guardiola បានសរសើរដល់ការប្រឹងប្រែងរបស់កូនក្រុម និងជាពិសេសការរួមចំណែកពី David Silva ដែលលោកសង្កត់ធ្ងន់ថា ពិបាករកអ្នកជំនួសកីឡាករជនជាតិអេស្ប៉ាញរូបនេះ៕